ដោយ ហ្សូលី
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា សន្ទុះនៃតម្លៃអចលនទ្រព្យនៅកម្ពុជា នឹងនៅបន្តកើនឡើងចន្លោះពី៧ ទៅ១០ភាគរយក្នុងមួយឆ្នាំ ដោយអាស្រ័យទៅលើទីតាំងភូមិសាស្រ្ត។
អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ ២០២០នេះថា អ្នកជំនាញអចលនទ្រព្យជាច្រើនបានព្យាករណ៍ពីតម្លៃថា អាចនឹងមានការកើនឡើង ក្នុងមួយឆ្នាំប្រមាណ៧ទៅ១០ភាគរយក្នុងរយៈពេល១០ឆ្នាំខាងមុខ។
លោកបន្តថា “វាទំនងជាអាចទៅរួច ព្រោះតម្លៃនៅកម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តារប្រទេសនានានក្នុងតំបន់អាស៊ី”។ លោកបន្តថា “អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានចំណូលទាបនាពេលអនាគត ព្រោះការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជាបច្ចុប្បន្ន មិនទាន់ឆ្លើយតបនឹងជីវភាបរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងហោចណាស់២៥០០០ដុល្លារទៅហើយ”។
ជាមួយគ្នានេះ លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ធ្លាប់បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ Propertyarea.asia ថា កាលណាមានតម្រូវការ ត្រូវការចាំបាច់ ការផ្គត់ផ្គង់ក៏មានកម្រិតដែរ។ តម្លៃក៏ដូចគ្នា នៅពេលដែលអចលនវត្ថុនោះ ស្ថិតនៅក្នុងទីតាំងណាមួយ ដែលមានអតិថិជនត្រូវការចង់បានច្រើន នោះតម្លៃនឹងកើនឡើង។
ប្រធានសមាគមរូបនេះបញ្ជាក់ថា “យើងអាចកត់សម្គាល់បានថា តម្លៃនោះវាអាចឡើងខ្ពស់ បើប្រៀបធៀបជាមួយតំបន់ផ្សេងៗតម្លៃអាចឡើងត្រឹម៥ភាគរយ អញ្ចឹងបើតំបន់ដែលមានតម្រូវការខ្ពស់ វាអាចនឹងឡើងដល់៧ភាគរយ ឬក៏១០ភាគរយជាដើម”។
ចំណែកឯតំបន់ខ្លះទៀតជាលក្ខណៈលំនៅដ្ឋាន ឬហៅថា Residence តម្លៃរបស់វាមានកំណើនទៅតាមកម្រិតរបស់វា។ សំខាន់គឺតំបន់ណាដែលមានតម្រូវការខ្ពស់ តម្លៃអចលនវត្ថុមានការហក់ឡើងខ្ពស់។
សន្ទុះនៃតម្លៃនេះ មិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានសេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានជាកំសួលចិត្តសាស្រ្តឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ៕