ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ អ្នកជំនាញ និងអ្នកជំនួញអចលនវត្ថុភាគច្រើន សុទ្ធតែបានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារដីធ្លីចំនួន៣ ទីតាំងផ្សេងគ្នាស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាមួយនឹងគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសទំហំធំ ដែលមានដើមទុនរាប់រយលានដុល្លារ ដែលអាចនឹងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២១។
លោកចាន់ ប៊ុនធឿន ជាឈ្មួញដីធ្លីដ៏ធំម្នាក់នៅក្នុងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែវត្តមាន នៃអ្នកវិនិយោគចិនភាគច្រើន ស្ថិតនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរមិនទាន់បានចូលមកកម្ពុជានោះ បានធ្វើឱ្យគម្រោងសាងសង់សំណង់ រោងចក្រមួយចំនួនមិនទាន់បានអនុវត្ត ប៉ុន្តែគម្រោងរបស់ពួកគេមានរួចហើយ។
លោកបន្តថា “ខ្ញុំគិតថា នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ជាពិសេសក្រោយពេលរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងទប់ស្កាត់ការរាលដាលមានប្រសិទ្ធភាពខ្ពស់ខណៈដែលនៅប្រទេសចិនក៏បានធូរស្បើយ”។ លោកបន្តថា “អ្នកវិនិយោគទាំងនោះនឹងវិលមកចាប់អនុវត្តគម្រោងរបស់ពួកគេ។ នៅពេលដែលគម្រោងនានាចាប់ផ្តើមមានសកម្មភាព វាមិនត្រឹមតែធ្វើឱ្យវិស័យដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍មានហាងឆេងនោះទេ តំបន់ដែលស្ថិតនៅក្បែរគ្នាក៏ចាប់ផ្តើមមានតម្រូវការដែរ”។
លោកបន្តថា ដីដែលនឹងមានហាងឆេង និងមានសកម្មភាពទិញលក់ក្រោយវិបត្តិស្ងប់ស្ងាត់ គឺស្ថិតនៅតំបន់ចំនួន៣សំខាន់ៗ គឺមាននៅតំបន់ផ្លូវ៤៤ ផ្លូវ៤១ ដែលតម្លៃនៅធូរថ្លៃ ប៉ុន្តែសម្រាប់តំបន់ផ្លូវ៥១ តម្លៃបានឡើងខ្ពស់បន្តិចរួចទៅហើយ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ថា “ឆ្នាំ២០២១ ប្រសិនបើការទប់ស្កាត់ភាពរីករាលដាលនៃជំងឺត្រូវបានធ្វើឡើងដោយជោគជ័យ សកម្មភាពនៃការចេញទិញដី សម្រាប់វិនិយោគ និងអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ ដែលផ្តើមចេញពីអ្នកនៅក្នុងស្រុកមុន”។
លោកបានបន្តថា សម្រាប់តម្រូវការនៃការប្រើប្រាស់ដី សម្រាប់វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅរបស់អ្នកវិនិយោគរួចទៅហើយ ដោយសារតែគេឃើញមានគម្រោងសាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកើតមាននៅក្នុងខេត្តមួយនេះ ហើយក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍ជាបណ្តុំលំនៅឋានផងដែរ ជាពិសេសនៅផ្លូវ៤១ និងផ្លូវ៥១។
នៅពេលដែលគម្រោងអភិវឌ្ឍន៍នានា ចាប់ផ្តើមមានសកម្មភាព ដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤១ នៅផ្លូវ៤៤ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់សហគ្រាសកាណាឌីយ៉ា វានឹងក្លាយជាចលករជំរុញ ឱ្យតម្រូវការប្រើប្រាស់ដីធ្លីកើតមានកាន់តែច្រើន ហើយតម្លៃក៏នឹងមានការកើនឡើងផងដែរ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់បានមានប្រសាសន៍កាលពីដើមស ប្ដាហ៍នេះថា គម្រោងវិនិយោគពីសំណាក់ក្រុមហ៊ុនចិន និងកូរ៉េ មានច្រើនគម្រោងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនៃស្រុកឱរ៉ាល់ ប៉ុន្តែដោយសារតែបញ្ហាដែលកំពុងប្រឈមនៅពេលនេះ ពួកគេមិនបានមកទេ រង់ចាំក្រោយពេលស្ងប់ស្ងាត់នៃវិបត្តិជំងឺនេះ។
លោកបានបញ្ជាក់ថា គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជារោងចក្ររបស់ក្រុមហ៊ុនកូរ៉េ និងចិនក្នុងស្រុកឱរ៉ាល់តំបន់ផ្លូវ៤៤ រួមមានរោងចក្រកែច្នៃស្វាយសម្រាប់នាំចេញ រោងចក្រផលិតស្ករ និងរោងផលិតកេសកូតុងជាដើម។ ដោយឡែករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាមផ្លូវ៤១ ភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង និងរោងចក្រគ្រឿងបង្គុំ៕