ក្រសួងទេសចរណ៍ជំរុញឲ្យរមណីយដ្ឋាននានាពង្រឹងគុណភាពសេវាកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជម្រុញឲ្យបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍​ទាំងអស់​ ត្រូវពង្រឹងវិធានការចលនាប្រកួតប្រជែង និងប្រលងយកជ័យលាភីឆ្នើមរមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍គំរូ ខណៈ​បច្ចុប្បន្នភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិកំពុង បាននិងកំពុង​ផ្តោត​ការចាប់អារម្មណ៍លើតំបន់ទេសចរណ៍បែប​​ធម្មជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ អមជាមួយ​ចលនា​ប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ នៅថ្ងៃទី២៣ ខែឧសភានេះ លោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា បច្ចុប្បន្នកម្ពុជា​មានរមណីយដ្ឋាន​​ទេសចរណ៍ ​​សរុប​​ជិត៤០០កន្លែង ដែលបានចុះបញ្ជីផ្លូវការ និងមាន​សហគមន៍ទេសចរណ៍ និងអេកូទេសចរ​ណ៍ចំនួន៥៦កន្លែង ​​មាន​​ដាក់បញ្ចូលសកម្មភាពទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ណ៍ទៅទស្សនាកំសាន្ត។

លោកបន្តថា ជាទូទៅគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ព្រមទាំង​សហគមន៍​អេកូទេសចរណ៍ នៅពេលមានកម្មវិធីបុណ្យជាតិ និងថ្ងៃឈប់សំរាកម្តងៗ ក្រសួងសង្កេត​ឃើញថា មានប្រជាពលរដ្ឋ និង​​ភ្ញៀវទេសចរ​​រាប់លាននាក់បានដើរកំសាន្ត​ នៅ​តាម​រមណីយដ្ឋាន​ទូទាំងប្រទេស ពិសេសថ្ងៃឈប់សំរាកក្នុង​​ឱកាសពិធីបុណ្យ​​ភ្ជុំបិណ្ឌ​​នាឆ្នាំកន្លងមក មានភ្ញៀវទេសចរចេញ ដើរកំសាន្តសរុបប្រមាណ ជាង១លាននាក់ ពិធីបុណ្យអុំទូកសរុបប្រមាណ៤​​លាននាក់ បុណ្យឆ្លងឆ្នាំសាកលជាង ៩០ម៉ឺននាក់ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានភ្ញៀវប្រមាណ៤,៨លាន​​នាក់ បានដើរកំសាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

លោកជា បូរាបានបន្តថា ការជំរុញអោយគ្រប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍​​ ពង្រឹង​​ចលនាប្រលងប្រណាំងគ្នានោះ ចង់ឲ្យគ្រប់គោលដៅកន្លែង  ផ្តល់សេវាទេសចរណ៍ ត្រូវរួមគ្នារក្សាភាពស្អាត គ្មានសំរាម និង​​ចូលរួមគាំទ្រដល់ចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ  និងឃោសនា​​ផ្សព្វ​​ផ្សាយទេសចរណ៍ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ  ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា សហគមន៍ទេសចរណ៍នៅតាមមូលដ្ឋាន បានរៀបចំកាន់តែល្អប្រសើរជាងមុន ប៉ុន្តែទាមទារឲ្យ​មានការពង្រឹងបន្ថែមទៀត លើគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម និងគួរពង្រឹងនូវ​ស្តង់ដាអនាម័យ បរិស្ថានឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញ និងទាញបាននូវផល​ប្រ​យោជន៍ដល់សហគមន៍មូលដ្ឋាន បានកាន់តែច្រើនថែមទៀតពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកបន្តថា “ការទៅទស្សនាកំសាន្តនៅតាមសហគមន៍ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍នានា មិនត្រឹមតែអាចផ្តល់ចំណូលដល់សហគមន៍មូលដ្ឋានដោយផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែក៏រួមចំណែកផ្តល់ចំណេះដឹង ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here