អ្នកជំនាញនិយាយពីភាពខុសគ្នារវាងតម្រូវការទិញលំនៅដ្ឋានជាប់ដី និងលំនៅដ្ឋានសហកម្មសិទ្ធិ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សកម្មភាពទិញលក់លំនៅដ្ឋានទាំង២ប្រភេទ រួមមានលំនៅដ្ឋានជាប់ដី និងលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូនៅពេលបច្ចុប្បន្នកំពុងតែមានសកម្មភាពដូចគ្នា ខុសគ្នាត្រង់ថាខុនដូជាលំនៅដ្ឋានស្ថិតនៅក្នុងក្រុង ហើយលំនៅដ្ឋានជាប់ដីភាគច្រើននៅតំបន់ជាយក្រុង ប៉ុន្តែមានទំហំធំទូលាយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា មិនថាចំពោះការទិញខុនដូ ឬទិញលំនៅដឋ្ឋានជាប់ដីនោះទេ គឺសុទ្ធតែជារឿងល្អទាំងអស់ ល្អទាំងការសម្រាប់រស់នៅ ក៏ដូចជាការទិញទុកវិនិយោគនៅថ្ងៃអនាគត ប៉ុន្តែអ្វីដែលសំខាន់គឺតម្រូវការជាក់ស្ដែង។

លោកបានបញ្ជាក់ថា “សម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់អាចទិញខុនដូទុកតាំងពីគម្រោងចាប់ផ្តើមប្រកាសលក់ ដែលអាចទទួលបានចំណេញត្រឡ់មកវិញច្រើនក្រោយពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ និងអាចចូលរស់នៅបាន ប៉ុន្តែតម្រូវចំណាយពេលវេលាយូរបន្តិចដែលយ៉ាងហោចណាស់៣ឆ្នាំបន្ទាប់ពីការទិញ។ ដោយឡែកសម្រាប់ផ្ទះជាប់ដីអាចផ្តល់លទ្ធភាពដល់អ្នកទិញ ដែលទោះជាមិនមានលុយគ្រប់គ្រាន់សម្រាប់ការទិញទាំងស្រុងក៏អាចមានកម្ចីពីធនាគារក្នុងទិញក្នុងលក្ខខណ្ឌណាមួយ”។

លោក ឡុង គឹមសួគ៌បានបន្តទៀតថា “អ្នកទិញផ្ទះជាប់ដីដែលស្ថិតនៅតាមតំបន់ជាយក្រុងមានតម្លៃក្រោម៧ម៉ឺនដុល្លារ មានទំហំ ៤X១២ ឬធំជាងនេះ ដែលអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយៗភាគច្រើនគឺជាអ្នកដែលមានតម្រូវការពិតប្រាកដ និងជាក់ស្ដែងសម្រាប់រស់នៅ បើទោះជាពួកគេមិនមានលុយគ្រប់ក្នុងការទិញទាំងស្រុង ក៏អាចមានជម្រើសប្រើប្រាស់ប្រាក់កម្ចីពីធនាគារដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បានដែរ។ ប៉ុន្តែសម្រាប់អ្នកដែលទិញខុនដូស្ថិតនៅក្នុងក្រុងភាគច្រើនជាអ្នកដែលមានចំណូលចិត្តស្នាក់នៅបែបស៊ីវិល័យ និងមានលទ្ធភាពគ្រប់គ្រាន់ ហើយអ្នកខ្លះទិញទុកដើម្បីវិនិយោគយកចំណេញ ដែលមិនមែនជាតម្រូវការជាក់ស្ដែងនោះទេ”។

ជាមួយនឹងការលើកឡើងពីហេតុផល និងតម្រូវការទិញលំនៅដ្ឋានទាំង២ប្រភេទខាងលើនេះ លោក ឡុង គឹមសួគ៌ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បើទោះជាទីផ្សារនៃការទិញលក់មានសកម្មភាពដូចគ្នា ប៉ុន្តែការទទួលបានអត្រានៃការទិញច្រើនជាងគេ គឺប្រភេទលំនៅដ្ឋានជាប់ដី ដោយសារតែមានតម្លៃសមរម្យ លក្ខខណ្ឌនៃការទិញមានភាពងាយស្រួល អាចទទួលកម្ចីពីធនាគារ និងឆាប់បានចូលស្នាក់នៅ ដែលផ្ទុយពីខុនដូនៅមិនទាន់មានការផ្តល់កម្ចីពីធនាគារ និងត្រូវចំណាយពេលយូរឆ្នាំរង់ចាំការសាងសង់គម្រោងទាំងមូលត្រូវបានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here