ស្ថានភាពទីផ្សារដីធ្លីនៅតំបន់ផ្លូវ៥១នៅបន្តស្ថិតក្នុងសភាពទ្រឹង

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំបន់ដែលធ្លាប់តែមានសក្ដានុពល និងប្រជាប្រិយភាពខ្លាំងក្នុងការទិញលក់ដីធ្លីនៅផ្លូវលេខ៥១ រហូតមកដល់ពេលនេះ និងអាចបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ នៅតែស្ថិតក្នុងសភាពទ្រឹង ហើយតម្លៃក៏នឹងមិនមានការឡើងថ្លៃនោះដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd លោក ស៊ា ឆៃលីន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថិតនៅក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវ៥១ មិនមានសកម្មភាពរស់រវើកដូចឆ្នាំ២០១៩នោះទេ។

លោកបានបន្តថា “ទាំងប្រភេទដីទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន និងទំហំតូចសម្រាប់គម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក គឺមិនមានសកម្មភាពទិញលក់គួរឱ្យចាប់អារម្មណ៍នោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដូចគ្រាពាក់កណ្តាលឆ្នាំ២០២០ដូច្នោះដែរ”។

លោកបញ្ជាក់ថា “ក្រៅតែមិនមានសកម្មភាពទិញលក់ សម្រាប់តម្លៃដីធ្លីនៅទីតាំងខ្លះថែមទាំងមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ រហូតមានម្ចាស់ដីខ្លះដែលមានតម្រូវការលុយប្រញាប់បានដាក់លក់ដោយការបញ្ចុះតម្លៃរហូតដល់ជិត៥០ភាគរយក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតែអ្នកលក់ មិនមានអ្នកទិញ”។

លោកថា “យើងទទួលស្គាល់ថាវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនជាពិសេសវិស័យឧស្សាហកម្ម ដែលនឹងមានការសាងសង់ជាឃ្លាំង ជារោងចក្រជាដើម ប៉ុន្តែដោយសារតែបញ្ហានៃជំងឺកូវីដបានអូសបន្លាយពេលវេលារបស់គម្រោងមួយចំនួនមិនអាចចាប់ដំណើរការបាន ជាពិសេសគម្រោងរបស់ក្រុមហ៊ុនដែលមានជនជាតិបរទេស ដូចជាជនជាតិចិនជាម្ចាស់ទុនតែម្ដង”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វិបត្តិកូវីដ ១៩ បានបណ្តាលឱ្យចរន្តទិញ-លក់ថមថយមួយចំនួនធំក្នុងវិស័យអចលនទ្រព្យ មិនថាចំពោះតែដីធ្លី លំនៅដ្ឋានផ្ទាល់ដី ខុនដូ ឬផ្នែកដទៃនៃការជួលនោះទេ។ ការសាងសង់លំនៅដ្ឋាននៅតំបន់ផ្លូវលេខ៥១ ភាគច្រើននៅតែបន្តសកម្មភាពសាងសង់ដដែលដោយសារតែអ្នកអភិវឌ្ឍន៍ជាអ្នកនៅក្នុងស្រុក ហើយអតិថិជនក៏ជាអ្នកក្នុងស្រុក។

លោកបន្តថា “សម្រាប់តម្រូវការដីធ្លីធំភាគច្រើនជាគម្រោងអភិវឌ្ឍន៍មកពីក្រៅប្រទេស ហើយនៅក្នុងដំណាក់កាលនេះ និងបន្តទៅមុខទៀតក្នុងរយៈពេលប្រមាណ១ឆ្នាំទើបសកម្មភាពនៃការទិញលក់ទាំងនេះអាចចាប់ផ្តើមមានសកម្មភាពឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here