ដោយៈ រ៉ាណេត
រតនគីរីៈ ក្រោយការប្រកាសពីគម្រោងអភិវឌ្ឍន៍ សាសង់សំណង់អគារនានានៅជុំវិញបឹងកន្លែង រួមទាំងតំបន់កម្សាន្តថ្មីៗបន្ថែមទៀតនៅក្រុងបានលុង ខេត្តរតនគីរីកាលពីពេលកន្លងទៅ ពេលនេះតម្លៃដីធ្លីដែលស្ថិតនៅតែក្នុង និងក្បែរតំបន់គម្រោងអភិវឌ្ឍន៍ត្រូវបានគេមើលឃើញថា ហាក់មិនមានការកម្រើកឡើងខ្លាំងនោះទេ បើមានគឺស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។
អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងាតអចលនទ្រព្យ KAT Appraisal អលោកស្រី ចេវ សុឃុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ សុទ្ធតែផ្តល់ភាពល្អប្រសើរដល់សេដ្ឋកិច្ចក្នុងតំបន់ ទាំងអស់ ហើយក្នុងនោះទីផ្សារអចលនទ្រព្យ ក៏ទទួលបានផលផ្លែផ្ការួមជាមួយគ្នាផងដែរ។
លោកស្រីបានបន្តថា “នៅក្នុងខេត្តរតនៈគីរី ដែលជាមណ្ឌលទេសចរណ៍ដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកឥសាននៃប្រទេសមួយនេះ មានភាពល្អប្លែកមិនចាញ់ទេសភាពស្ថិតនៅតាមបណ្តាប្រទេសនានាក្នុងតំបន់នោះឡើយ ដែលបង្កើនភាពទាក់ទាញការវិនិយោគនៅក្នុងវិស័យ ច្រើនជាងការធ្វើពាណិជ្ជកម្ម ដូចបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា”។
លោកស្រីបានបន្តថា ជាមួយនឹងគម្រោងនៃការអភិវឌ្ឍថ្មី របស់រាជរដ្ឋាភិបាល បន្ថែមពីលើគម្រោងវិនិយោគរបស់វិស័យឯកជន វានឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញឱ្យកិច្ចអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះ មានភាពរលូន និងឆាប់រហ័សបំផុត។ នៅពេលមានការអភិវឌ្ឍន៍ និងទេសចរណ៍ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់នឹងមានភាពល្អប្រសើរ ហើយកត្តារួមផ្សំ នៅក្នុងវិស័យទេសចរណ៍ដូចជាផ្ទះសំណាក់ ផ្ទះលំហែរកាយ សណ្ឋាគារ ជាពិសេសតំបន់កម្សាន្ត កែច្នៃពីវិស័យឯកជននឹងរីកចម្រើន ដែលទាំងអស់នេះសុទ្ធតែជាកត្តាជំរុញឱ្យតម្រូវការនៃការប្រើប្រាស់កើនឡើងជាបន្តបន្ទាប់។
ដោយឡែកពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ និងបង្កើតកោះសិប្បនិម្មិតនៅបឹងកន្សែង ស្ថិតក្រុងបានលុង នៅពេលបច្ចុប្បន្ននេះ លោកស្រីបានអះអាងថា នៅមិនទាន់អាចជះឥទ្ធិពលអ្វី ឬធ្វើឱ្យដីឡើងថ្លៃនោះទេ ព្រោះវាទើបតែជាតំណាក់កាលចាប់ផ្ដើមតែប៉ុណ្ណោះ ហើយវាត្រូវការពេលវេលាយូរបន្ថែមទៀត ដែលយ៉ាងហោចណាស់ក្នុងចន្លោះ៣-៥ឆ្នាំ ទម្រាំមានការផ្សព្វផ្សាយទូលាយពីភាពអស្ចារ្យនៃការកែច្នៃ និងសាងសង់ទាំងអស់នេះ។
ជាមួយគ្នានេះ លោកសៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យCambodian Estate Alliance (CEA) Co.,Ltd ធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនបានបង្ហាញវត្តមាន នៅក្នុងខេត្តរតនគីរី ដែលភាគច្រើនបម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តបែបធម្មជាតិ។
លោកបានបញ្ជាក់ថា “ខេត្តនេះមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ ដែលសូម្បីតែគម្រោងវិនិយោគ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏ផ្តោតសំខាន់ទៅលើការបម្រើសេវាដល់វិស័យទេសចរណ៍ដែរ ដែលក្នុងនោះរួមមានដូចជាផ្ទះសំណាក់ សណ្ឋាគារនិងផ្ទះលំហែរកាយជាដើម”។
លោកសាខុំបានបន្តថា ជាធម្មតា នៅពេលមានតម្រូវការសាងសង់ ឬអភិវឌ្ឍន៍ណាមួយដែលមានតម្រូវការប្រើប្រាស់ដី គឺតែងជម្រុញតម្លៃដីមានការកើនឡើង។ តម្លៃដីនៅកណ្តាលក្រុងស្ថិតនៅចន្លោះចាប់ពី៣០០- ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកសម្រាប់ដី ដែលមានទំហំធំសម្រាប់អភិវឌ្ឍន៍ ជាតំបន់លំហែរកាយផ្សេងៗគិតជាមធ្យមមានតម្លៃស្ថិតនៅក្នុងចន្លោះ១០-២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើជាទូទៅការទិញលក់ដីនៅតំបន់នេះគឺគេគិតជាម៉ែត្រដើរ៕