កូរ៉េ បានក្លាយជាដៃគូសំខាន់នៅក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីចិន ប្រទេសកូរ៉េបានក្លាយជាដៃគូយ៉ាងសំខាន់នៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសការអភិវឌ្ឍនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
តាមរយៈបាយការណ៍បានបញ្ជាក់ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ បានបន្តកើនឡើងរហូតដល់ប្រមាណ១កោដិដុល្លារ ដែលក្នុងនោះទំហំនៃការវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទំហំជាង ៥,៧ពាន់លានដុល្លារ ហើយមួយចំណែកធំបានចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

អគ្គនាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា កូរ៉េគឺជាប្រទេសដែលមានភាពសកម្មចូលមកវិនិយោគនៅកម្ពុជា ហើយក្នុងវិស័យសំណង់បានឈានមុខមុនគេ។

លោកស្រីបន្តថា “ជនជាតិកូរ៉េគឺវិនិយោគិនដែលបានចូលមកវិនិយោគដំបូងបំផុតនៅកម្ពុជា ហើយភាពច្រើនក្នុងរូបភាពជាក្រុមហ៊ុនសំណង់ ហើយក្រៅពីនេះក៏មានការវិនិយោគទៅលើផ្នែកដីធ្លី ធនាគារ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសំណង់អគារពាណិជ្ជកម្ម ក៏ដូចជាគម្រោងអចលនទ្រព្យធំៗដែលមានទំហំទុនរាប់រយលានដុល្លារ”។

លោកស្រីបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍ធំៗរបស់កូរ៉េដែលមានទំហំទុនច្រើនរាប់សិបលានដុល្លាររួមមានដូចជាគម្រោង Camko City គ្រោង Booyoung Town គម្រោង De Castle 1 ជាដើម ហើយក្រៅពីនេះនៅមានគម្រោងអភិវឌ្ឍន៍ជាខុនដូកម្រិតមធ្យម និងបុរីលំនៅដ្ឋានផងដែរ”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “កូរ៉េ គឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់របស់កម្ពុជា ហើយក៏ជាប្រទេសដែលរួមចំណែកនៅក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកឧកញ៉ាបន្តថា “ក្រៅពីវិស័យសំណង់ កូរ៉េក៏មានការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ រោងចក្រកែច្នៃផលិតផលកសិឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ អ្វីដែលសំខាន់ក្នុងការជំរុញ និងពង្រីកទំហំវិនិយោគកូរ៉េនៅកម្ពុជាបន្ថែមទៀត គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅពេលមានការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងមានកំណើនការវិនិយោគនៅកម្ពុជា ដែលមានតម្រូវសាងសង់សំណង់នានា និងសុទ្ធតែអាចជះឥទ្ធិពលល្អដល់វិស័យសំណង់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here