ដោយៈ រ៉ាណេត
កំពតៈ ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅទូទាំងខេត្តកំពតនាពេលបច្ចុប្បន្ន បានបង្កើនឡើងនូវចំនួនក្រុមហ៊ុន ប្រកបអាជីវកម្មនៅក្នុងវិស័យនេះជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះមានគម្រោងច្រើនជាង៧០កំពុងតែដំណើរការប្រតិបត្តិរបស់ខ្លួន ដែលក្នុងនោះភាគច្រើនជាក្រុមហ៊ុនអភិវឌ្ឍដីឡូតិ៍។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពត លោក ដាញ់ សារី បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា នៅក្នុងភូមិសាស្ត្រខេត្តកំពតមានក្រុមហ៊ុនអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ដីនៅក្នុងក្រុង/ ស្រុកទាំង៨ មានចំនួនសរុបជាង៧០គម្រោង។
លោកបញ្ជាក់ថា “គម្រោងដែលមានលិខិតអនុញ្ញាត អភិវឌ្ឍន៍ដីចំនួន២៣គម្រោងគម្រោងដែលមិនមានលិខិតអនុញ្ញាត អភិវឌ្ឍន៍ដីចំនួន៤៨គម្រោង និង៣គម្រោង កំពុងដំណើរការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី”។ លោកបន្តថា “ប្រសិនបើម្ចាស់គម្រោងអភិវឌ្ឍន៍ដី មិនបានគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវទេ នោះការអភិវឌ្ឍន៍ដី នឹងក្លាយជាបន្ទុករបស់រាជរដ្ឋាភិបាល នៅពេលមានបញ្ហាណាមួយកើតឡើង”។
អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍ថា ដើម្បីធានាដល់ការអភិវឌ្ឍដីប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព គុណភាព ប្រកបដោយចីរភាពតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តកំពត សូមអំពាវដល់ក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យបានម៉ឹងម៉ាត់។
លោកបានបន្តថា “ខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ កំពុងមានសក្តានុពលខ្លាំង និងអំណោយផលដល់ការងារប្រមូលចំណូលសម្រាប់ខេត្ត ពិសេសវិស័យធំៗចំនួនពីរ គឺវិស័យអចលនទ្រព្យ ឬគម្រោងអភិវឌ្ឍន៍ដី និងវិស័យរ៉ែ ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក”។
ទន្ទឹមនឹងមានសកត្តានុពលនេះ ដោយសារតែការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមានចំណុចប្រឈមច្រើន ទើបធ្វើឱ្យប្រាក់ចំណូលរបស់ខេត្តនៅមានកម្រិត។
លោកសុខ ប៊ុនធឿនប្រធានក្រុមទទួលលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ នៅតំបន់ផ្លូវក្រវាត់ក្រុងខេត្តកំពត និងក្បែរតំបន់ទេសចរណ៍ធម្មជាតិ ក្នុងស្រុកទឹកឈូបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ដីនៅក្នុងខេត្តកំពតពិតជាមានច្រើន ដែលក្នុងនោះមានគម្រោងខ្លះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យ ហើយគម្រោងខ្លះទៀតគ្រាន់តែជាគម្រោងអភិវឌ្ឍដីដែលធ្វើឡើងដោយបុគ្គលមានដីធំ ពុះជាប្រភេទដីឡូតិ៍លក់។
លោកបានបន្តថា សម្រាប់ទីផ្សារនៃការទិញលក់ដីឡូតិ៍ និងការអភិវឌ្ឍដីគឺនៅតែមាន ប៉ុន្តែសម្រាប់សកម្មភាពអភិវឌ្ឍផ្នែកវិស័យសំណង់ ហាក់មានភាពស្ងប់ស្ងាត់បន្តិច ពោលគឺភាគច្រើន មានតែគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កែច្នៃ និងគម្រោងអភិវឌ្ឍន៍ផ្ទះលំហែរតែប៉ុណ្ណោះ បើសម្រាប់គម្រោងអភិវឌ្ឍន៍ជាប្រភេទសំណង់ពាណិជ្ជកម្ម គឺមានតែនៅកណ្តាលក្រុងតិចតួចតែប៉ុណ្ណោះ៕