ដោយៈវុត្ថា
ស៊ីដនីៈ សណ្ឋាគារ និងរមណីយដ្ឋាន លំដាប់ផ្កាយ៦ (Crown Sydney) បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃច័ន្ទម្សិលមិញនេះ បន្ទាប់ពីសាងសង់អស់រយៈពេល៤ឆ្នាំ ដែលនឹងក្លាយជាសណ្ឋាគារប្រណីតបំផុតរបស់ប្រទេសអូស្ត្រាលី។
យោងតាម គេហទំព័រ www.traveller.com.au បានឱ្យដឹងថា សណ្ឋាគារនេះគឺជាផ្នែកមួយ នៃអគារ Barangaroo ដែលបានទឹកប្រាក់វិនិយោគចំនួន ២,២ ពាន់លានដុល្លារអាមេរិក មានភោជនីយដ្ឋាន បារ និងហាងលក់រាយដ៏ប្រណីតជាច្រើនផងដែរ។
សណ្ឋាគារ Crown Sydney មានកំពស់ ២៧៥ ម៉ែត្រ គឺជាសណ្ឋាគារខ្ពស់ជាងគេនៅក្នុងទីក្រុងស៊ីដនី ដោយមានបន្ទប់ភ្ញៀវចំនួន៣៤៩ បន្ទប់រួមទាំងវីឡាប្រណីតចំនួន ២២ ។ មានភោជនីយដ្ឋាន និងបារចំនួន១៤កន្លែង រួមជាមួយស្ប៉ា និងអាងហែលទឹក។ សណ្ឋាគារនេះ ក៏មានកន្លែង បើកជាសាធាណឱ្យមើលទេសភាព ទីក្រុងនៅកំពស់២៥០ ម៉ែត្រផងដែរ។
សណ្ឋាគារដែលមានកម្ពស់៨៨ជាន់នេះ ត្រូវបានរចនាឡើងដោយជនជាតិអង់គ្លេស លោក Chris Wilkinson ដែលក្រុមហ៊ុនរបស់គាត់ឈ្មោះ Wilkinson Eyre ក៏ជាអ្នកទទួលខុសត្រូវចំពោះសួនផ្កាសួនច្បារ របស់ប្រទេសសឹង្ហបុរីដោយឆ្នេរសមុទ្រ។
លោក Peter Crinis នាយកប្រតិបត្តិសណ្ឋាគារ Crown Sydney បានឱ្យដឹងថា ទីក្រុងស៊ីដនី ជាទីក្រុងដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយវាសមនឹងទទួលបានសណ្ឋាគារដ៏ប្រណិតនេះ។
ការបើកឱ្យដំណើរការនូវសណ្ឋាគារ និងរមណីយដ្ឋាននៅក្នុងទីក្រុងស៊ីដនីនេះ មិនមានដាក់ឱ្យកាស៊ីណូ ដែលជាកន្លែងទាក់ទាញដ៏សំខាន់នោះទេ បើទោះបីមានភ្លើងខៀវក៏ដោយពីរដ្ឋាភិបាល។
កាស៊ីណូត្រូវបានផ្តល់ភ្លើងខៀវ ដោយរដ្ឋាភិបាល New South Wales នៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែនិយតករល្បែងរបស់រដ្ឋបានបដិសេធ មិនអនុញ្ញាតឱ្យបើកនៅចំពេលមានការស៊ើបអង្កេតផ្លូវច្បាប់ពាក់ព័ន្ធនឹងសណ្ឋាគារនេះ ដោយមានការចោទប្រកាន់អំពីការលាងលុយកខ្វក់ និងទំនាក់ទំនងរបស់ក្រុមហ៊ុនទៅនឹងឧក្រិដ្ឋកម្មដែលបានរៀបចំឡើង៕