អ្នកអភិវឌ្ឍន៍មួយចំនួនចាប់ផ្តើមឆក់យកឱកាសវិនិយោគលើវិស័យលំនៅដ្ឋាន លំហែរកាយតម្លៃក្រោម៥ម៉ឺនដុល្លារ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទនៃវិបត្តិជំងឺឆ្លងជាសាកល ដែលកំពុងបន្តកើតមាននៅពេលបច្ចុប្បន្ន ដែលបណ្តាប្រទេសនានានៅបន្តបិទទ្វារនោះ សម្រាប់តែអ្នកវិនិយោគ និងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានកម្ពុជាមួយចំនួន បានឆក់យកឱកាសនេះ ធ្វើការអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានបែបលំហែរ នៅតាមបណ្តាខេត្តមួយចំនួនដែលជាគោលដៅទេសចរណ៍។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា វិបត្តិកូវីដបានធ្វើឱ្យប្រជាជនខ្មែរភាគច្រើន មានការផ្លាស់ប្ដូររបៀបរបបរស់នៅ និងការប្រកបមុខរបរអាជីវកម្មថ្មីៗជាច្រើនប្រកបដោយភាពវិជ្ជមាន។

លោកឧកញ៉ាបន្តថា “ជាមួយនឹងដំណើរសេដ្ឋកិច្ចរលូនរបស់កម្ពុជា បានអនុញ្ញាតឱ្យប្រជាជនខ្មែរ នៅតែមានឱកាសប្រកបអាជីវកម្ម និងទទួលបានចំណូលដដែល ហើយ មួយចំណែកធំ បានជំរុញឱ្យពួកគាត់មានទំនោរ ទៅលើដំណើរកម្សាន្តនៅតាមតំបន់ទេស​ចរណ៍ធម្មជាតិនានាជាច្រើនផងដែរ”។លោកបន្តថា “វាក៏ចំណុចមួយជួយជំរុញទឹកចិត្តអ្នកអភិវឌ្ឍន៍មួយចំនួន ងាកទៅចាប់អារម្មណ៍ក្នុងការបណ្តាក់ទុន អភិវឌ្ឍន៍ប្រភេទលំនៅដ្ឋានបែបលំហែរផងដែរ”។

លោកឧកញ៉ាបន្តថា “ការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរនៅពេលនេះ វាមិនមានភាពទូលំទូលាយដូចការអភិវឌ្ឍ និងមានទីផ្សារធំធេងដូចលំនៅដ្ឋានអចិ   ន្ត្រៃយ៍នោះទេ ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍ ដែលកំពុងធ្វើសកម្មភាពនៅតាមបណ្តាខេត្តគោ​លដៅទេសចរណ៍ធម្មជាតិនាពេលបច្ចុប្បន្ននេះ គឺជាការឆ្លៀតឱកាសរបស់អ្នករកស៊ីនៅក្នុងវិស័យមួយនេះ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដែលវាមិនមែនជាការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ដែលមាននិរន្តរភាពនោះទេ”។

លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’ Investment Group បានមានប្រសាសន៍ថា ការវិនិយោគប្រភេទលំនៅដ្ឋានបែបលំហែរ ត្រូវបានគេបែងចែកជា២ប្រភេ​ទសម្រាប់ការទទួលបានផលចំណេញវិញត្រឡប់មកវិញ។

លោកបន្តថា “សម្រាប់អ្នកដែលអភិវឌ្ឍន៍សម្រាប់លក់ គឺត្រូវការដើមទុនមិនច្រើននោះការអភិវឌ្ឍន៍សម្រាប់ជួលនោះទេ ព្រោះនៅពេលដែលគេអភិវឌ្ឍន៍បណ្តើរ គេអាចលក់បានបណ្តើរ”។ លោកបន្តថា “ការយកចំណូលពីការលក់ធ្វើជាទុនបង្វិល ក្នុងកិច្ចដំណើរការអភិវឌ្ឍរបស់ពួកគេ ដែលផ្ទុយពីការអភិវឌ្ឍន៍សម្រាប់ជួល តម្រូវឱ្យមានដើមទុនគ្រប់គ្រាន់ជាចាំបាច់ ព្រោះពួកគេអាចទទួលបានចំណូល ពីជួលត្រឡប់មកវិញបន្ទាប់ពីបញ្ចប់គម្រោងសាងសង់ទាំងស្រុង”។

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ការបណ្តាក់ទុនវិនិយោគនៅក្នុងផ្នែកនេះ គេក៏ត្រូវមើលពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនីផងដែរ ដើម្បីជៀសវាងបង្កើនចំណាយទុនថ្លៃដើមបន្ថែម ទៅលើការរៀបចំ។ ជាទូទៅលំនៅដ្ឋានលំហែរដែលមានទីផ្សារទូលាយ និងងាយស្រួលលក់គឺស្ថិតក្នុងក្រោមក្រោម៥ម៉ឺនដុល្លារចុះក្រោម និងមានទំហំមិនលើស២០០ម៉ែត្រការ៉េនោះទេ បើធំជាងនេះ និងមានតម្លៃថ្លៃជាងនេះ ទីផ្សារមានភាពចង្អៀត ពិបាករកអតិថិជនបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here