គម្រោងអភិវឌ្ឍធំៗចំនូន៩នៅក្រុងព្រះសីហនុនឹងចាប់អនុវត្តនៅដើមឆ្នាំ២០២១

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ គម្រោងអភិវឌ្ឍន៍ខេត្ត និងក្រុងព្រះសីហនុចំនួន៩នឹងចាប់ផ្តើមអនុ​វត្តន៍នៅឆ្នាំ២០២១ខាងមុខនេះ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញទេសចរណ៍ និងវិនិយោគបន្ថែម។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្តព្រះសីហនុ នៅមានគម្រោងអភិវឌ្ឍន៍ថ្មីៗចំនួន៩ផ្សេងទៀត ដែលនឹងត្រូវចាប់អនុវត្តនៅដើមឆ្នាំ២០២១ខាងមុខតទៅ។ លោកបានបន្តថា គម្រោងទាំង៩ ដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំ២០២១ រួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា គម្រោងថែទាំសួនច្បារសាធារណៈ ស្ពានបេតុង បណ្តាញលូអ៊ុយ ថែទាំបណ្ដា​ញភ្លើងបំភ្លឺសាធារណៈ សាងសង់ផ្លូវបេតុង និងបណ្តាញលូទឹកភ្លៀង លូទឹកសំអុយជាដើម។

លោកបន្តថា គម្រោងត្រូវសិក្សាបន្ថែមរួមមានគម្រោងទី៣ កែសម្រួលស្ពានឱ្យបានធំទូលាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង, គម្រោងទី៥ កែសម្រួលទទឹងផ្លូវឱ្យតាមស្តង់ដារ និងគម្រោងទី៦ កែសម្រួលមកដាក់លូអ៊ុយ ដោយឡែកគម្រោង ផ្សេងទៀតយើងបានឯកភាព។ ដូចនេះមន្ត្រីជំនាញរបស់យើងត្រូវចុះសិក្សាបន្ទាន់ ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ខាងមុខ។

លោកបញ្ជាក់ថា “គម្រោងថវិកាអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបានធ្វើការកាត់ថវិកាអភិវឌ្ឍន៍ជា៣ដំណាក់កាល បន្តបន្ទាប់ធ្វើឱ្យគម្រោងមួយចំនួន ត្រូវលុបចោលក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០២១។ ដូច្នេះយើងត្រូវជ្រើសរើសយកគម្រោងណា ដែលជាគម្រោងអាទិភាព ដើម្បីអភិវឌ្ឍន៍ជាមុន និងជាតម្រូវការចាំបាច់របស់មូលដ្ឋាន។ ទន្ទឹមនោះយើងត្រូវកៀរគរផ្នែកឯកជនចូលរួមអភិវឌ្ឍន៍ក្រុងរបស់យើងបន្ថែមទៀត។

លោកបន្តទៀតថា ដោយសារឆ្នាំកន្លងមកជំនន់ទឹកភ្លៀង នៅតែបន្តជន់លិចក្រុងរបស់យើង ដោយសារតែសំរាមបានហូរមកកកស្ទះ នៅតាមស្ពានចំនួន៤ តម្រូវឱ្យរដ្ឋបាលខេត្ត ធ្វើការកែលម្អ សាងសង់ពង្រីកស្ពានទាំងនោះឡើងវិញ ដូចជាស្ពាន L.V ស្ពានស្តេចមឹក និងស្ពាន ០២ទៀត នៅអង្គការម្លប់តាប៉ាង។ ស្ពានទាំង៤ ស្ថិតក្នុងនៅ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សាឆ្នាំ២០២១ខាងមុខ។

នៅក្នុងផែនការលម្អិត ដែលបង្ហាញពីគម្រោងដែលត្រូវអនុវត្តមាន ដូចជា១.ជួសជុលសួនច្បារវិមានឯករាជ្យ សួនកូនសោរ និងសួនច្បារតោពីរសង្កាត់លេខ៣។ ២.ជួសជុលបណ្ដាញភ្លើង និងភ្លើងបំភ្លឺ សាធារណៈតាមបណ្ដោយផ្លូវលេខ៨០០ ក្រុងព្រះសីហនុ។ ៣.ជួសជុលស្ពានបេតុងបុក ស៊ីផាយ មុខអង្គការម្លប់តាប៉ាងចំនួន ០១កន្លែង សង្កាត់ ៤។ ៤.ជួសជុលផ្លូវបេតុង ផ្លូវទៅវត្តលើ ចាក់បេតុង និងដាក់លូទឹកភ្លៀងមុខកាត់០,៦ម៉ែត្រ ម្ខាងស្របផ្លូវ និងលូមូលកាត់ទទឹងផ្លូវ០,៨ម៉ែត្រ ចាប់ពីផ្លូវលេខ៧០១ ដល់វត្តលើ សង្កាត់លេខ៣។

៥.ជួស ជុលផ្លូវលេខ៨០២ ចាក់ក្រាលបេ តុង លូទឹកភ្លៀងមុខកាត់ ០,៦ម៉ែត្រ និងលូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ (ចាប់ពីផ្លូវលេខ៨០០ ផ្លូវលេខ២១១) សង្កាត់លេខ២។ ៦.ជួសជុល បណ្តាញលូ ផ្លូវលេខ ២១៣ ដាក់លូទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ លូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ(ចាប់ពីផ្លូវលេខ២០០ ផ្លូវលេខ ២០៩)។ ៧.ជួសជុលបណ្ដាញលូអ៊ុយ (1mx1m) មានគម្របសងខាងផ្លូវ សង្កាត់លេខ៤ ចាប់ពីផ្លូវលេខ១០៤ តភ្ជាប់កំណាត់ លូអង្គការម្លប់តាប៉ាង (គម្រោងឆ្នាំ២០២០)។ ៨.ជួសជុលផ្លូវលេខ១០៥ ចាក់បេតុង លូទឹកភ្លៀងមុខកាត់ ០,៨ ម៉ែត្រ និងលូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ(ពីផ្លូវលេខ ១០០ ដល់ផ្លូវលេខ១០៣៤)។ ៩.ជួសជុលផ្លូវលេខ១០៣៤ ចាក់បេតុង លូទឹកភ្លៀងមុខកាត់ ០,៨ ម៉ែត្រ លូទឹកស្អុយមុខ កាត់០,២ ម៉ែត្រ សងខាងផ្លូវ (ពីផ្លូវលេខ ១០៣ ដល់ផ្លូវលេខ១០៥)៕

LEAVE A REPLY

Please enter your comment!
Please enter your name here