ទីផ្សារអចលនទ្រព្យខេត្តស្វាយរៀងចាប់ផ្តើមមានតម្រូវការឡើងវិញ

0

ដោយ ៖ រ៉ាណេត

ស្វាយរៀង ៖ បន្ទាប់ពីជួបភាពស្ងប់ស្ងាត់មួយរយៈដោយសារបញ្ហានៃវិបត្តិជំងឺជាសាកល ពេលនេះស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងខេត្តស្វាយរៀងចាប់ផ្តើមមានសកម្មភាពឡើងវីញ ខណៈដែលទាំងគម្រោងសាងសង់បុរីលំនៅដ្ឋាន និងតម្លៃមានការកើនឡើង។

អគ្គនាយកក្រុមហ៊ុន R’ Investment Group លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅតំបន់ប្រជុំជនចាប់ផ្តើមមានសកម្មភាពឡើងវិញហើយបន្ទាប់ពីជួបស្ងប់ស្ងាត់មួយរយៈដោយសារតែបញ្ហានៃជំងឺកូវីដកាលពីពេលកន្លងទៅ។

លោកបណ្ឌិតបន្តថា “បច្ចុប្បន្នយើងឃើញមានគម្រោងអភិវឌ្ឍជាច្រើនបានបង្ហាញរូបរាង និងសកម្មភាពសាងសង់ជាបណ្តើរៗឡើងវិញ។ ជាក់ស្ដែងដូចជានៅតំបន់ទន្លេវៃគោ គឺមានគម្រោងអភិវឌ្ឍន៍បុរីមួយចំនួនកំពុងធ្វើសកម្មភាពសាងសង់ ខណៈពេលដែលរដ្ឋបាលខេត្តក៏កំពុងជំរុញការស្ថាបនាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញ”។

លោកបន្តថា “ជាធម្មតានៅពេលតំបន់មួយមានសកម្មភាពអភិវឌ្ឍន៍ ជាពិសេសផ្នែកលំនៅដ្ឋាន គឺបានជំរុញឱ្យតម្លៃអចនទ្រព្យ ជាពិសេសដីធ្លីមានការកើនឡើង ទាស់ត្រង់ថាឡើងតិច ឬច្រើនអាស្រ័យទៅតាមតំបន់នៃភូមិសាស្ត្រ ទីតាំង និងទំហំដីតែប៉ុណ្ណោះ។ តាមខ្ញុំដឹងតម្លៃដីនៅក្នុងតំបន់ទីប្រជុំជនគឺស្ថិតនៅក្នុងចន្លោះពី៣០០-៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ ឬចម្ងាយប្រមាណ៦-១០គីឡូម៉ែត្រពីទន្លេវៃគោ អាចស្ថិតនៅក្នុងតម្លៃជាង២០ដុល្លារ ឬទាបជាងនេះអាស្រ័យទៅលើស្ថានភាព និងទំហំដី”។

អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុល បានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងលើការវិនិយោគវិស័យអចលនទ្រព្យ ដ៏ដូចជាវិស័យដីធ្លីផងដែរ។
លោកបន្តថា “ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ វាជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តក៏មានទីតាំង និងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ”។

លោកបន្តថា “តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តវិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋានដែលមានតំលៃទាប និងតំលៃមធ្យមទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here