ភាគខាងត្បូង​រាជធានី​ភ្នំពេញ​កំពុង​ក្លាយជា​គោល​ដៅវិនិយោគ និង​អភិវឌ្ឍន៍​គម្រោងធំៗប្រចាំ​ប្រទេស

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​គម្រោងធំៗចំនួន៦ ដែលមាន​តម្លៃ​សរុប​ច្រើនជាង ២០០០លាន​ដុល្លារ កំពុងដំណើរការ​អភិវឌ្ឍ​ន៍ យ៉ាងសកម្ម​ភាព​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ក្លាយជា​ចលករ​ជំរុញ​ឱ្យ​ប្រជាប្រិយភាព​តំបន់​នោះ​មាន​ភាព​ទាក់ទាញ និង​មាន​សក្ដានុពល​ខ្ពស់​លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ។

គម្រោង​អភិវឌ្ឍន៍ធំៗចំនួន៦ ដែលមាន​តម្លៃ​សរុប​ច្រើនជាង ២០០០លាន​ដុល្លារ​ក្រោម​ការបណ្តាក់ទុន​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​គ្នា​ជាមួយ​វិស័យ​ឯកជន​ជាតិ និង​អន្តរជាតិ​រួមមាន​ដូចជា​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ គម្រោង​ស្ថាបនា​ផ្លូវជាតិ២ គម្រោង​ផ្សារ​ទំនើប AEON3 គម្រោង​ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ​ទំនើប PH Diamond Place ផ្សារ ជី​ប៊ី​មល ជាពិសេស​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​តម្លៃ​រហូតដល់ ១៥០០លាន​ដុល្លារ​របស់​ក្រុមហ៊ុន OCIC ស្ថិតនៅក្នុង​ព្រំប្រទល់​ខេត្តកណ្តាល និង​ខេត្តតាកែវ ហើយ​អ្វីដែល​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​រាប់សិប​គម្រោង​កំពុង​បង្ហាញ​វត្ត​មាននៅ​តំបន់​នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ​ថា “តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ​ជា​តំបន់​ដ៏​មាន​សក្តានុពល​មួយ ដែល​បច្ចុប្បន្ន​ស្ទើរតែ​ស្ថិតនៅ​កណ្តាល​ក្រុង​រួចទៅហើយ ដោយសារ​ទី១ ទីតាំង​នេះ​ជាទី​តាំង Best of The best ឬ​និយាយ​ពី​ការវិនិយោគ​គឺ​គេ​និយាយ​ពី​ទីតាំង វា​ជា​តំបន់​ថ្មី​ដែល​អាច​សាងសង់​អាគារ​បានខ្ពស់ៗ និង​ផ្សារ​ទំនើប​នានា​ងាយស្រួល។ អ្វីដែល​សំខាន់​វា​គឺជា​តំបន់​មាន​សណ្ឋាន​ដី​ល្អ និង​ជា​តំបន់​ត​ភ្ជាប់​ជាមួយ​ក្រុង​តាខ្មៅ និង​ស្ថិតនៅ​កៀក​នឹង​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​របស់​កម្ពុជា” ។

លោក​បន្តថា “នៅ​តំបន់​នេះ​មិន​ស័ក្ដិសម​នឹង​គម្រោង​សាងសង់​រោងចក្រ ឬ​សហគ្រាស​នោះទេ ប៉ុន្តែ​វា​ស័ក្តិសម​នឹង​ការអភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​បែប​ទំនើប ជាក់ស្ដែង​យើង​ឃើញ​មាន​គម្រោង​បុរី​ជាច្រើន​មិន​ក្រោម ២០គម្រោង​នោះទេ​ដែល​កំពុង​សាងសង់​យ៉ាងសកម្ម” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី បានទទួល​ស្គាល់​នូវ​ភាព​រីកចម្រើន និង​សន្ទុះ​នៃ​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ជាច្រើន​នៅ​តំបន់​ខាងលើនេះ ដោយ លោក​បាន​អះអាងថា រាល់​គម្រោង​អភិវឌ្ឍន៍​នានា​សុទ្ធតែ​ត្រូវបាន​សិក្សា​ពី​គម្រោង និង​ផែនការមេ របស់​រដ្ឋាភិបាល ជាពិសេស​នៅពេល​ដែលមាន​លំហូរ​ប្រជាជន​ចូលទៅ​រស់នៅ​កាន់តែច្រើនឡើង។

លោក​បាន​បញ្ជាក់ថា “មនុស្ស​អាច​ចូលទៅ​រស់នៅ​តំបន់​ណាមួយ​បាន គឺ​ទាល់តែ​តំបន់​នោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ងាយស្រួល​ប្រើប្រាស់​ជាពិសេស​ផ្លូវថ្នល់ រួមជាមួយ​ទីតាំង​បម្រើសេវា​សាធារណៈ” ។ លោក​បាន​បន្តទៀតថា “នៅ​ភាគខាងត្បូង​ក្រុង​ពេលនេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​នោះទេ ជាពិសេស​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​ទីតាំងផ្សេងៗ ដូចជា​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ចេញទៅ​ផ្លូវជាតិ​លេខ៣ ចេញទៅ​ផ្លូវជាតិ​លេខ២ ចេញទៅ​ក្រុង​តាខ្មៅ ក៏ដូចជា ឆ្ពោះ​មកកាន់​តំបន់​ពាណិជ្ជកម្ម​ពិសេស ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម។ វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ចូលទៅ​កាន់​តំបន់​ខាងលើនេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​តែ ដែល​នឹងមាន​គម្រោងថ្មីៗចូល​បន្ថែមទៀត​នៅពេល​ខាងមុខនេះ ដោយសារតែ​ទីតាំង​តំបន់​នេះ​មាន​ភាពល្អប្រសើរ ងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម” ។

ជាមួយគ្នានេះ លោក គឹម វិចិត្រ តំណាង​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​បុរី GB Residence ដែលជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ដ៏​ធំ​ប្រចាំ​នៅ​ភាគ​ត្បូង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ផងដែរ​ថា វត្តមាន​នៃ​គម្រោង​អភិវឌ្ឍធំៗដែល​ចូលមក​តំបន់​នេះ​គឺ​ដោយសារតែ​ភាពល្អប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ និង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ងាយស្រួល​ធ្វើដំណើរ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ។

លោក​បន្តថា “នៅពេល​ខាងមុខនេះ នឹងមាន​គម្រោងថ្មីៗចូលមក​បន្ថែមទៀត ដែល​កាន់តែ​ធ្វើឱ្យ​តំបន់​ភាគខាងត្បូង​ក្លាយជា​ក្រុង​ថ្មី​មួយទៀត។ ដោយឡែក​សម្រាប់​ទីផ្សារ​លំនៅដ្ឋាន​ក៏​កាន់​តែមាន​ភាព​ទាក់ទាញ ជាមួយនឹង​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ចូលមក​រស់នៅ​កាន់តែច្រើន ហើយ​តម្លៃ​លំនៅដ្ឋាន​ក៏​កាន់តែ​ឡើងថ្លៃ​ជាង​ពេលបច្ចុប្បន្ន។ ដូច្នេះ សម្រាប់​អ្នក​ដែល​ទិញ​លំនៅដ្ឋាន​ក្នុងដំណាក់កាល​នេះ​នឹង​ទទួលបាន​ផលចំណេញ​ច្រើន ទាំង​ការទិញ​សម្រាប់​ស្នាក់នៅ​អចិន្ត្រៃយ៍ ក៏ដូចជា​ការទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ​នៅ​ថ្ងៃ​អនាគត” ។

លោក​បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា សម្រាប់​តម្លៃ​លំនៅដ្ឋាន​ក្នុង​គម្រោង​បុរី GB Residence  នៅពេលនេះ​ត្រឹមតែ​ជាង៧ម៉ឺន​ដុល្លារ​ឡើងទៅ​តែប៉ុណ្ណោះ ហើយ​តម្លៃ​នេះ​នឹ​ងបន្ត​កើន​ឡើងជា​បន្តបន្ទាប់​ក្រោយពេល​ការសាងសង់​ត្រូវ​បានបញ្ចប់​ទាំងស្រុង។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង​បុរី GB Residence អាច​ទាក់​ទាង​បាន​តាមរយៈ​ទូរ​សព្ទ​លេខ ៖ ០១២ ៣៤២ ៣៣៣ ឬ ០៩៦ ៦០៧ ៦៦៦៦ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here