ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ យ៉ាងហោចណាស់មានគម្រោងធំៗចំនួន៦ ដែលមានតម្លៃសរុបច្រើនជាង ២០០០លានដុល្លារ កំពុងដំណើរការអភិវឌ្ឍន៍ យ៉ាងសកម្មភាពនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលក្លាយជាចលករជំរុញឱ្យប្រជាប្រិយភាពតំបន់នោះមានភាពទាក់ទាញ និងមានសក្ដានុពលខ្ពស់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ។
គម្រោងអភិវឌ្ឍន៍ធំៗចំនួន៦ ដែលមានតម្លៃសរុបច្រើនជាង ២០០០លានដុល្លារក្រោមការបណ្តាក់ទុនវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជារួមគ្នាជាមួយវិស័យឯកជនជាតិ និងអន្តរជាតិរួមមានដូចជាគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោងស្ថាបនាផ្លូវជាតិ២ គម្រោងផ្សារទំនើប AEON3 គម្រោងផ្សារទំនើបជីបម៉ុង ផ្សារទំនើប PH Diamond Place ផ្សារ ជីប៊ីមល ជាពិសេសគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃរហូតដល់ ១៥០០លានដុល្លាររបស់ក្រុមហ៊ុន OCIC ស្ថិតនៅក្នុងព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានរាប់សិបគម្រោងកំពុងបង្ហាញវត្តមាននៅតំបន់នេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះថា “តំបន់ភាគខាងត្បូងក្រុងភ្នំពេញជាតំបន់ដ៏មានសក្តានុពលមួយ ដែលបច្ចុប្បន្នស្ទើរតែស្ថិតនៅកណ្តាលក្រុងរួចទៅហើយ ដោយសារទី១ ទីតាំងនេះជាទីតាំង Best of The best ឬនិយាយពីការវិនិយោគគឺគេនិយាយពីទីតាំង វាជាតំបន់ថ្មីដែលអាចសាងសង់អាគារបានខ្ពស់ៗ និងផ្សារទំនើបនានាងាយស្រួល។ អ្វីដែលសំខាន់វាគឺជាតំបន់មានសណ្ឋានដីល្អ និងជាតំបន់តភ្ជាប់ជាមួយក្រុងតាខ្មៅ និងស្ថិតនៅកៀកនឹងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជា” ។
លោកបន្តថា “នៅតំបន់នេះមិនស័ក្ដិសមនឹងគម្រោងសាងសង់រោងចក្រ ឬសហគ្រាសនោះទេ ប៉ុន្តែវាស័ក្តិសមនឹងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបែបទំនើប ជាក់ស្ដែងយើងឃើញមានគម្រោងបុរីជាច្រើនមិនក្រោម ២០គម្រោងនោះទេដែលកំពុងសាងសង់យ៉ាងសកម្ម” ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយ លោកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការមេ របស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើនឡើង។
លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ” ។ លោកបានបន្តទៀតថា “នៅភាគខាងត្បូងក្រុងពេលនេះស្ថិតនៅមិនឆ្ងាយពីទីប្រជុំជននៃរាជធានីភ្នំពេញនោះទេ ជាពិសេសមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជាចេញចូលក្នុងរាជធានីភ្នំពេញ ចេញទៅផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ២ ចេញទៅក្រុងតាខ្មៅ ក៏ដូចជា ឆ្ពោះមកកាន់តំបន់ពាណិជ្ជកម្មពិសេស ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម។ វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀតនៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់នេះមានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម” ។
ជាមួយគ្នានេះ លោក គឹម វិចិត្រ តំណាងក្រុមហ៊ុនអភិវឌ្ឍគម្រោងបុរី GB Residence ដែលជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដ៏ធំប្រចាំនៅភាគត្បូងរាជធានីភ្នំពេញបានមានប្រសាសន៍ផងដែរថា វត្តមាននៃគម្រោងអភិវឌ្ឍធំៗដែលចូលមកតំបន់នេះគឺដោយសារតែភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនងាយស្រួលធ្វើដំណើរ និងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
លោកបន្តថា “នៅពេលខាងមុខនេះ នឹងមានគម្រោងថ្មីៗចូលមកបន្ថែមទៀត ដែលកាន់តែធ្វើឱ្យតំបន់ភាគខាងត្បូងក្លាយជាក្រុងថ្មីមួយទៀត។ ដោយឡែកសម្រាប់ទីផ្សារលំនៅដ្ឋានក៏កាន់តែមានភាពទាក់ទាញ ជាមួយនឹងលំហូរនៃចំនួនប្រជាសាស្ត្រចូលមករស់នៅកាន់តែច្រើន ហើយតម្លៃលំនៅដ្ឋានក៏កាន់តែឡើងថ្លៃជាងពេលបច្ចុប្បន្ន។ ដូច្នេះ សម្រាប់អ្នកដែលទិញលំនៅដ្ឋានក្នុងដំណាក់កាលនេះនឹងទទួលបានផលចំណេញច្រើន ទាំងការទិញសម្រាប់ស្នាក់នៅអចិន្ត្រៃយ៍ ក៏ដូចជាការទិញទុកសម្រាប់វិនិយោគបន្តយកចំណេញនៅថ្ងៃអនាគត” ។
លោកបានបញ្ជាក់ប្រាប់ឱ្យដឹងថា សម្រាប់តម្លៃលំនៅដ្ឋានក្នុងគម្រោងបុរី GB Residence នៅពេលនេះត្រឹមតែជាង៧ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ហើយតម្លៃនេះនឹងបន្តកើនឡើងជាបន្តបន្ទាប់ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ទាំងស្រុង។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងបុរី GB Residence អាចទាក់ទាងបានតាមរយៈទូរសព្ទលេខ ៖ ០១២ ៣៤២ ៣៣៣ ឬ ០៩៦ ៦០៧ ៦៦៦៦ ៕