ដោយៈស៊ីវ ម៉េង
កណ្តាលៈ ការសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មីបាននិងកំពុងបង្កើនល្បឿន ស្របពេលអ្នកវិនិយោគក្នុងស្រុកភាគច្រើន បានចាប់ផ្តើមអភិវឌ្ឍន៍បុរី លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានាន ដើម្បីទទួលបានផលប្រយោជន៍ពីអ្នកដំណើរឆ្លងកាត់តំបន់នេះ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនទទួលម៉ៅការ បាននិងកំពុងពន្លឿនសកម្មភាពសាងសង់ទៅតាមគម្រោង និងផែនការរបស់ពួកគេ ដោយឃើញមានគ្រឿងចក្រជាច្រើនកំពុងធ្វើសកម្មភាព។
លោកបន្តថា “ការអភិវឌ្ឍក្នុងវិស័យសំណង់របស់ឯកជន ដូចជាការសាងសង់លំនៅដ្ឋានផ្សេងៗ ដូចជា បានចាប់ផ្តលមសកម្មភាពបណ្តើរៗហើយ។ ប៉ុន្តែខ្ញុំគិតថាមិនយូរទៀតនោះទេ គម្រោងអភិវឌ្ឍន៍មួយចំនួន នឹងលេចចេញជារូបរាងជាក់ជាមិនខាន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបង្ហាញ” ។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាប់ ឬក្បែរគម្រោងសាងសង់ ព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មី ចាប់ផ្តើមមានសកម្មភាពនៅឡើយនោះទេ ដែលវាត្រូវការពេលវេលាបន្តិចទៀត។
លោកស្រីបានបន្តថា “យើងឃើញថាកំណើននៃការអភិវឌ្ឍ វិស័យលំនៅដ្ឋាននៅប៉ែកខាងត្បូងក្រុងមានកំណើនច្រើន ខណៈផ្ទៃដីនៅតំបន់នេះភាគច្រើនត្រូវបានអ្នកភិវឌ្ឍន៍ទិញទុក ដែលរង់ចាំតែពេលវេលាល្អ មកដល់ពួកនឹងចាប់ផ្តើមសកម្មភាពសាងសង់ជាមិនខាន” ។
លោកស្រីតាំង ហួរ បានបញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់វិស័យលំនៅដ្ឋានភាគខាងត្បូងក្រុង គឺនៅតែបន្តមានការសាងសង់ជាបន្តបន្ទាប់ ហើយតម្រូវការក៏នៅតែមានទៅលើប្រភេទលំនៅដ្ឋាន ដែលមានតម្លៃក្រោម ១០ម៉ឺនដុល្លារ ជាពិសេសបណ្តុំលំនៅដ្ឋានដែលស្ថិតនៅផ្លូវធំនៃតំបន់ជាយក្រុង។ ជាក់ស្ដែងដូចជា នៅម្ដុំគួរស្រូវ តំបន់ព្រែកកំពឺស និងតំបន់ព្រែកហូរ ជាដើម ដែលកំពុងមានសកម្មភាពសាងសង់ដ៏មមាញឹក។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានលើកឡើងថា ភាពរីកចម្រើននិងតម្រូវការទីផ្សារដីធ្លី និងលំនៅដ្ឋាននៅភាគខាងត្បូងរាជធានីភ្នំពេញខាងលើនេះ គឺមានភាពខុសគ្នា ហើយកម្រិតនៃការឡើងថ្លៃក៏ខុសគ្នាដែរ ដែលវាអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយ។
លោកបន្តថា “នៅក្នុងអំឡុងពេលនេះ បើទោះស្ថានភាពនៃវិស័យដីធ្លីនៅតំបន់ខាងលើមានភាពល្អប្រសើរក្ដី ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជននៅមានកម្រិតនៅឡើយ” ។ លោកបន្តថា “អ្វីៗជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាន ដែលក្នុងដំណាក់កាលនេះ ទាំងអ្នកវិនិយោគ ទាំងអ្នកអភិវឌ្ឍន៍ ពួកគេមិនបញ្ចេញកញ្ចប់ថវិកាដែលមានទំហំនោះទេ” ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕