តំបន់​ជុំវិញ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ចាប់ផ្តើម​ទាក់ទាញ​ការអភិវឌ្ឍ​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា

0

ដោយៈ​ស៊ីវ ម៉េង

កណ្តាលៈ ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ-ភ្នំពេញ​ថ្មី​បាននិងកំពុង​បង្កើនល្បឿន ស្របពេល​អ្នកវិនិយោគ​ក្នុងស្រុក​ភាគច្រើន បានចាប់ផ្តើម​អភិវឌ្ឍន៍​បុរី លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ន ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ។

អភិបាលខេត្ត​កណ្តាល លោក គង់ សោ​ភ័​ណ្ឌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួល​ម៉ៅការ បាននិងកំពុង​ព​ន្លឿ​ន​សកម្មភាព​សាងសង់​ទៅតាម​គម្រោង និង​ផែនការ​របស់​ពួកគេ ដោយ​ឃើញ​មាន​គ្រឿងចក្រ​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព។

លោក​បន្តថា “ការអភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​របស់​ឯកជន ដូចជា​ការសាងសង់​លំនៅដ្ឋានផ្សេងៗ ដូចជា បាន​ចាប់​ផ្ត​លម​សកម្មភាពបណ្តើរៗហើយ។ ប៉ុន្តែ​ខ្ញុំ​គិតថា​មិនយូរ​ទៀត​នោះទេ គម្រោង​អភិវឌ្ឍន៍​មួយចំនួន នឹង​លេចចេញ​ជា​រូបរាង​ជាក់​ជាមិនខាន បន្ទាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​បង្ហាញ” ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ថា សម្រាប់​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នៅ​តំបន់​ជាប់ ឬ​ក្បែរ​គម្រោង​សាងសង់ ព្រលាន​យន្ត​អន្តរជាតិ-ភ្នំពេញ​ថ្មី ចាប់ផ្តើម​មាន​សកម្មភាព​នៅឡើយ​នោះទេ ដែល​វា​ត្រូវការ​ពេលវេលា​បន្តិចទៀត។

លោកស្រី​បាន​បន្តថា “យើង​ឃើញថា​កំណើន​នៃ​ការអភិវឌ្ឍ វិស័យ​លំនៅដ្ឋាន​នៅ​ប៉ែក​ខាងត្បូង​ក្រុងមាន​កំណើន​ច្រើន ខណៈ​ផ្ទៃដី​នៅ​តំបន់​នេះ​ភាគច្រើន​ត្រូវបាន​អ្នក​ភិ​វឌ្ឍន៍​ទិញ​ទុក ដែល​រង់ចាំតែ​ពេលវេលា​ល្អ មកដល់​ពួក​នឹង​ចាប់ផ្តើម​សកម្មភាព​សាងសង់​ជាមិនខាន” ។

លោកស្រី​តាំង ហួរ បាន​បញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់​វិស័យ​លំនៅដ្ឋាន​ភាគខាងត្បូង​ក្រុង គឺ​នៅតែ​បន្ត​មានការ​សាងសង់​ជា​បន្តបន្ទាប់ ហើយ​តម្រូវការ​ក៏​នៅតែមាន​ទៅលើ​ប្រភេទ​លំនៅដ្ឋាន ដែលមាន​តម្លៃ​ក្រោម ១០ម៉ឺន​ដុល្លារ ជាពិសេស​បណ្តុំ​លំនៅដ្ឋាន​ដែល​ស្ថិតនៅ​ផ្លូវធំ​នៃ​តំបន់​ជាយក្រុង។ ជាក់ស្ដែង​ដូចជា នៅ​ម្ដុំ​គួរ​ស្រូវ តំបន់​ព្រែក​កំ​ពឺ​ស និង​តំបន់​ព្រែក​ហូរ ជាដើម ដែល​កំពុងមាន​សកម្ម​ភាព​សាងសង់​ដ៏​មមាញឹក។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​មាន​លើកឡើងថា ភាព​រីកចម្រើន​និង​តម្រូវការ​ទីផ្សារ​ដីធ្លី និង​លំនៅដ្ឋាន​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ខាងលើនេះ គឺមាន​ភាពខុសគ្នា ហើយ​កម្រិត​នៃ​ការ​ឡើងថ្លៃ​ក៏​ខុសគ្នា​ដែរ ដែល​វា​អាស្រ័យ​ទៅតាម​គម្រោង​អភិវឌ្ឍន៍នីមួយ។

លោក​បន្តថា “នៅក្នុង​អំឡុង​ពេលនេះ បើ​ទោះ​ស្ថានភាព​នៃ​វិស័យ​ដីធ្លី​នៅ​តំបន់​ខាងលើ​មាន​ភាពល្អប្រសើរ​ក្ដី ប៉ុន្តែ​សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន​នៅមានកម្រិត​នៅឡើយ” ។ លោក​បន្តថា “អ្វីៗជាប់​ពាក់ព័ន្ធ​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​កើតមាន ដែល​ក្នុងដំណាក់កាល​នេះ ទាំង​អ្នកវិនិយោគ ទាំង​អ្នក​អភិវឌ្ឍន៍ ពួកគេ​មិន​បញ្ចេញ​កញ្ចប់​ថវិកា​ដែលមាន​ទំហំ​នោះទេ” ។

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថាបនា​លើដី​ទំហំ​ប្រមាណ២៦០០ ហិកតា មាន​បណ្តោយ​ប្រមាណ៦គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អាច​នឹង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគ​ព្រលានយន្ដហោះ​មួយ​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F អនុញ្ញាតឱ្យ​ប្រភេទ​ព្រលានយន្តហោះ​ធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​ចុះចត​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here