គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​នៃ​សួន​ប្រចាំ​ខេត្តតាកែវ​សម្រេចបាន​ជាង ៨៥ភាគរយ

0

ដោយ ៖ រ៉ា​ណេ​ត

តាកែវ ៖ ស្ថិតនៅក្នុង​ផែនការមេ​នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​នៅ​តំបន់​ទីប្រជុំជន​ខេត្តតាកែវ សម្រាប់​តែ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សួន​ដ៏​ធំ​ប្រចាំខេត្ត​ចំនួន​ត្រូវបាន​សម្រេច​ប្រមាណ ៨៥ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅមុន​ពេល​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។

អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា នៅក្នុង​ខេត្តតាកែវ​នាពេល​បច្ចុប្បន្ន បាន​នឹង​កំពុង​ឈានទៅរក​ចំណុច​អភិវឌ្ឍន៍​ទៅ​មុខជា​បន្តបន្ទាប់ មិនថាតែ​សួនច្បារធំៗទាំងនេះ​នោះទេ គឺមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ត្រូវបាន​អភិវឌ្ឍ និង​ស្ថាបនា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​លើកកម្ពស់​សោភ័ណភាព​ខេត្ត​ផងដែរ។

លោក​បន្តថា “យើង​បាន​យកចិត្ត​ដាក់​ក្នុងការ​ស្ថាបនា​ផ្លូវថ្នល់​ចាក់ និង​អ៊ុត​កៅស៊ូ មាន​ផ្លូវ​ចាក់​បេតុង​ជាច្រើន​ខ្សែ ដែល​កំពុងផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ដឹកទំនិញ​កសិផល​ម​ក​លក់​នៅតាម​ទីផ្សារ​នានា។ លើសពីនោះ​ទៀត ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូបង្ហូរទឹក​មិនឱ្យ​លិច​នេះ ក៏បាន​ធ្វើឱ្យ​ហាងឆេង​ដី​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​មានការ​កើនឡើង​មួយកម្រិត​ថែមទៀត” ។

លោក​បាន​បញ្ជាក់ថា “នៅ​ដើមឆ្នាំ២០២១នេះ យើង​បានសម្រេច​នូវ​ការកែលំអ​ពង្រីក​សួនច្បារ​ថ្មី​នេះ គឺ​សម្រេចបាន៨៥ភាគរយ ហើយនឹង​គ្រោង​បញ្ចប់​គម្រោង​ទាំងមូល​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ហើយ​មិនតែប៉ុណ្ណោះ ខេត្ត​ក៏បាន​ពង្រីក​ប្រព័ន្ធ​សរសៃឈាម​សេដ្ឋកិច្ច ដែល​អាច​និយាយបានថា ជាការ​ជួសជុល ចាក់​ពង្រីក​ថ្នល់​កៅស៊ូ​ប្រភេទ DBST ជាច្រើន​ខ្សែ​ថែមទៀត​នៅតាម​តំបន់​ជាយក្រុង​ដូន​កែវ ត​ភ្ជាប់​ជាមួយ​បណ្តា​ស្រុកផ្សេងៗនៅជាប់​គ្នា ដើម្បី​សម្រួល​ដល់​ការងារ​ដឹកជញ្ជូន​ផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការផ្សេងៗយកមកចែក​ចាយ​លក់​នៅតាម​ទីផ្សារ​ធំ​នៅក្នុង​ចំណុចកណ្តាល​នៃ​បេះដូង​ខេត្តតាកែវ” ។

ជាមួយនឹង​ការទទួលបាន​នូវ​សមិទ្ធផលថ្មីៗទាំងនេះ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ថែរក្សា​ឱ្យបាន​ល្អ និង​យូរអង្វែង​មិន​ថា​ចំពោះ​សួនច្បារ ផ្លូវថ្នល់ នោះទេ ដើម្បី​អាច​បម្រើ​ជា​ប្រយោជន៍​រួម​ទាំងអស់គ្នា​នៅពេល​បច្ចុប្បន្ន និង​បន្តទៅ​ថ្ងៃ​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here