ដោយ ៖ រ៉ាណេត
តាកែវ ៖ ស្ថិតនៅក្នុងផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅតំបន់ទីប្រជុំជនខេត្តតាកែវ សម្រាប់តែគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃសួនដ៏ធំប្រចាំខេត្តចំនួនត្រូវបានសម្រេចប្រមាណ ៨៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅមុនពេលប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា នៅក្នុងខេត្តតាកែវនាពេលបច្ចុប្បន្ន បាននឹងកំពុងឈានទៅរកចំណុចអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ មិនថាតែសួនច្បារធំៗទាំងនេះនោះទេ គឺមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវបានអភិវឌ្ឍ និងស្ថាបនាដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភ័ណភាពខេត្តផងដែរ។
លោកបន្តថា “យើងបានយកចិត្តដាក់ក្នុងការស្ថាបនាផ្លូវថ្នល់ចាក់ និងអ៊ុតកៅស៊ូ មានផ្លូវចាក់បេតុងជាច្រើនខ្សែ ដែលកំពុងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍លើដងផ្លូវ ដឹកទំនិញកសិផលមកលក់នៅតាមទីផ្សារនានា។ លើសពីនោះទៀត ការស្តារនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធលូបង្ហូរទឹកមិនឱ្យលិចនេះ ក៏បានធ្វើឱ្យហាងឆេងដីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តមានការកើនឡើងមួយកម្រិតថែមទៀត” ។
លោកបានបញ្ជាក់ថា “នៅដើមឆ្នាំ២០២១នេះ យើងបានសម្រេចនូវការកែលំអពង្រីកសួនច្បារថ្មីនេះ គឺសម្រេចបាន៨៥ភាគរយ ហើយនឹងគ្រោងបញ្ចប់គម្រោងទាំងមូលនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ហើយមិនតែប៉ុណ្ណោះ ខេត្តក៏បានពង្រីកប្រព័ន្ធសរសៃឈាមសេដ្ឋកិច្ច ដែលអាចនិយាយបានថា ជាការជួសជុល ចាក់ពង្រីកថ្នល់កៅស៊ូប្រភេទ DBST ជាច្រើនខ្សែថែមទៀតនៅតាមតំបន់ជាយក្រុងដូនកែវ តភ្ជាប់ជាមួយបណ្តាស្រុកផ្សេងៗនៅជាប់គ្នា ដើម្បីសម្រួលដល់ការងារដឹកជញ្ជូនផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការផ្សេងៗយកមកចែកចាយលក់នៅតាមទីផ្សារធំនៅក្នុងចំណុចកណ្តាលនៃបេះដូងខេត្តតាកែវ” ។
ជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីៗទាំងនេះ លោកអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សាឱ្យបានល្អ និងយូរអង្វែងមិនថាចំពោះសួនច្បារ ផ្លូវថ្នល់ នោះទេ ដើម្បីអាចបម្រើជាប្រយោជន៍រួមទាំងអស់គ្នានៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត៕