ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញនិងអ្នកវិភាគនានាបានលើកឡើងថា ខ័ណ្ឌសែនសុខបានក្លាយជាតារារះថ្មី សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗថ្មីមួយនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យតម្លៃដីធ្លីនៅទីក្រុងនេះកើនឡើងយ៉ាងឆាប់រហ័ស ស្ទើរមិនគួរឲ្យជឿ។
អគ្គនាយិកាក្រុមហ៊ុន AMATAK Property service Co, Ltdលោកស្រីតាំង ហួរ បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២មិថុនានេះថា ខ័ណ្ឌសែនសុខកំពុងមានការរីកចម្រើនយ៉ាងលឿនលើហេដ្ឋារចនាសម្ព័ន្ឋពាណិជ្ជកម្មនានា ដូចជាហាងកាហ្វេល្បីៗ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។លោកស្រីបន្តថា សង្កាត់ភ្នំពេញថ្មីរីកចម្រើនលឿនជាងគេ ដោយសារវត្តមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋានដីមានភាពល្អប្រសើរងាយស្រួលក្នុងការអភិវឌ្ឍ។
លោកស្រីបន្តថា “ខ្ញុំសង្កេតឃើញការររៀបចំ ហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងខ័ណ្ឌនេះ មានភាពល្អប្រសើរ ដោយមានផ្លួវធំៗ និងទូលាយ ទើបធ្វើឲ្យគំរោងអភិវឌ្ឍន៍និងសកម្មភាពពាណិជ្ជកម្មរីកចម្រើនខ្លាំងនៅតំបន់នេះ”។លោកស្រីបន្តថា “តម្លៃដីនៅក្នុងខ័ណ្ឌនេះបានកើនឡើងយ៉ាងខ្លាំង ដោយហក់ឡើងតំបន់ខ្លះពី២០ ទៅ៣០ភាគរយ និងតំបន់ខ្លះទៀតកើនខ្ពស់ជាងនេះ”។
ខ័ណ្ឌដែលមានសកម្មភាពពាណិជ្ជកម្មធំៗជាងគេនៅរាជធានីភ្នំពេញ ពីមុនមកគេសម្គាល់ឃើញតែបួនប៉ុណ្ណោះ រួមមានខ័ណ្ឌចំការមក ដូនពេញ ៧ មករា និងខ័ណ្ឌទួលគោក ប៉ុន្តែខ័ណ្ឌសែនសុខកំពុងក្លាយជាខ័ណ្ឌថ្មីមួយទៀត ដែលកំពុងមានសកម្មភាពពា ណិជ្ជកម្មច្រើនប្រហាក់ប្រហែលខ័ណ្ឌទាំងបួនផងដែរ។
ការបង្ហាញវត្តមានផ្សារទំនើប MAKRO, AEON MALL2 ព្រមទាំងបុរីលំនៅដ្ឋាននៅតំបន់នេះ បានធ្វើឲ្យខ័ណ្ឌនេះ កាន់តែមានសកម្មភាពរសរវើកលើផ្នែកពាណិជ្ជកម្ម។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ខ័ណ្ឌសែនសុខពិតជាមានការរីកចម្រើនលឿន ដោយសារកត្តាមួយចំនួនដូចជា ទី១ ការមានសណ្ឋានដីល្អ និងមិនមានរោងចក្រ សហគ្រាសដែលបំពុលផ្សែងដល់ប្រជា ពលរដ្ឋ ទី២ កំណើនប្រជាសាស្រ្តយ៉ាងឆាប់រហ័ស ទី៣ ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន ធនាគារ និងទី៣ ហេដ្ឋារចនាសម្ព័ន្ឋក្នុងខ័ណ្ឌនេះមានភាពល្អប្រសើរ។
លោកបន្តថា “ភាពទាក់ទាញនិងកត្តាទាំងអស់នេះ បានជម្រុញឲ្យតម្លៃដីធ្លីកើនឡើងខ្ពស់ ជាក់ស្តែងដីនៅតំបន់ផ្សារទំនើប AEON MALL2, ផ្សារ MAKROពីមុនមកតម្លៃត្រឹមចន្លោះ១០០ទៅ២០០ដុល្លារ បច្ចុប្បន្នដីនៅតំបន់នេះបានកើនដល់ចន្លោះ៨០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានមានប្រសាសន៍ស្រដៀងគ្នាទាក់ទងនឹងការរីកចម្រើនលើវិស័យលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់នេះ ដោយធ្វើឲ្តតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវអ្នកឧកញ៉ាម៉ុង រិទ្ឋី និងផ្លូវលេខ១០០៣ ភ្ជាប់ជាមួយផ្លូវហាណូយ កើនឡើងដល់តម្លៃចន្លោះពី១៥០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “តំបន់នេះ កំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ហើយតម្លៃដីធ្លីនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត”៕