ដោយស៊ីវ ម៉េង
ត្បូងឃ្មុំៈ ស្ថាបត្យករជំនាញ ដែលបាននិងកំពុងគូរប្លង់បុរី Krek City Gardenបាន ផ្តោតចម្បង លើសំណង់ស្ថាបត្យកម្មបែបឆ្លាតវៃ ដែលផ្តល់នូវផាសុខភាពដល់អ្នករស់នៅ ជាមួយនឹងសំណង់ប្រកបដោយសោភ័ណភាព ទាក់ទាញ និងផាសុខភាព។
លោកបណ្ឌិតតេង រិទ្ធី ម្ចាស់បុរី Krek City Garddenនិងជាស្ថាបត្យករ ដែលបានបញ្ចប់ការសិក្សាលើជំនាញស្ថាបត្យកម្ម នៅក្រៅប្រទេសបានមានប្រសាសន៍៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២០ មករាកន្លងមកថា ការសាងសង់បុរីដែលមានផ្ទៃដីជិត២០ហិកតា នាពេលបច្ចុប្បន្ននេះ យើងផ្តោតសំខាន់លើគុណភាព សោភ័ណភាព និងផាសុខភាពដល់ការរស់នៅរបស់អ្នករស់នៅក្នុងបុរីនេះ។
លោកបន្តថា “បុរីនេះផ្តោតសំខាន់លើសំណង់ជាពិសេស ដោយផ្តោតលើលំហរនៃការប្រើប្រាស់ក្នុងការរស់នៅ លំហណាមិនប្រើប្រាស់ យើងមិនផលិតវាឡើងនោះទេ។ ឧទាហរណ៍ផ្ទះអាជីវកម្មរបស់យើង យើងមិនធ្វើឡៅតឿនោះទេ ដោយសារវាមិនមានលំហរគ្រប់គ្រាន់ ដែលមើលទៅមានសភាពចង្អៀត និងមិនមានខ្យល់ចេញចូលគ្រប់គ្រាន់” ។ លោកបន្តថា “ជំនួសជាន់ឡៅតឿ យើងបានធ្វើឡើងមួយជាន់ទៀត ពិសេសទំហំផ្ទះយើងសាងសង់ទទឹង៤,៥ម៉ែត្រ ដើម្បីមានលំហគ្រប់គ្រាន់ ធ្វើឲ្យផ្ទះមានភាពទូលាយ និងធ្វើឲ្យបរិយាកាសក្នុងផ្ទះត្រជាក់ និងមានភាពសុខដុម” ។
ជាមួយគ្នានេះ ជណ្តើរផ្ទះក៏យើងមិនធ្វើចោទខ្លាំងនោះទេ ហេតុនេះទើបយើងធ្វើជណ្តើរមិនឲ្យមានការបាំងផ្ទះ ដែលកាំនិមួយៗមានកំពស់ល្មម និងមិនហត់ និងងាយស្រួលឡើងចុះ មិនលំបាកចោទខ្លាំងធ្វើឲ្យមានគ្រោះថ្នាក់នោះឡើយ។
លោកបណ្ឌិតតេង រិទ្ធី បានបញ្ជាក់ថា “ហេតុនេះនៅក្នុងប្លង់ស្ថាបត្យកម្ម យើងមិនគិតតែពីផលចំណេញមួយមុខទេ ប៉ុន្តតែយើងគិតដល់គុណភាពជីវិត ធ្វើយ៉ាងណាឲ្យអ្នករស់នៅមានភាពងាយស្រួល កក់ក្តៅ ប្រកបដោយផាសុខភាព និងសុខដុមរមនាក្នុងលំនៅដ្ឋាន” ។ លោកបន្តថា “យើងផ្តោតលើអ្វីដែលស្អាត និងប្រើប្រាស់មានភាពងាយស្រួល ព្រោះអ្វីយើងផ្តោតលើស្ថាបត្យកម្មមានភាពងាយស្រួល ប៉ុន្តែអ្នកសាងសង់ខ្លះមិនផ្តោតលើពន្លឺក្នុងផ្ទះនោះទេ ដោយធ្វើបង្អួចតូចៗ ដែលមិនផ្តល់ពន្លឺនិងខ្យល់អាកាសចេញចូលបានស្រួលឡើយ” ។
ផ្ទះខ្លះយើងបានសាងសង់ចិញ្ចើមមុខផ្ទះ នៅសល់១៥ម៉ែត្រ ខ្លះ៣៥ម៉ែត្រ ដែលមានសួនច្បារ និងដាំដើមឈើខៀវស្រងាត់ ពិសេសមានផ្លូវថ្មើជើង កន្លែងហាត់ប្រាណ និងផ្សារដែលមានស្តង់ទំហំធំៗចាប់ពី៣ម៉ែត្រ គុណនឹង៣ម៉ែត្រ និងទំហំ៤ម៉ែត្រ គុណនឹង៤ម៉ែត្រ ដោយផ្តោតលើភាពស្អាត អនាម័យជាមួយមុខទំនិញសម្បូរបែប ដោយបើកលក់ពេលព្រឹក ថ្ងៃត្រង់ រហួតដល់ពេលរាត្រី។
លោកបណ្ឌិតតេង រិទ្ធី បានបន្តឲ្យដឹងទៀតថា ជាមួយនឹងផ្តោតការលើបរិយាកាសនៃការរស់នៅ បែបផែនជីវិតសម័យថ្មី បរិបទនៃការប្រែប្រួលអាកាសធាតុ ស្ថាបត្យកម្មសំណង់បុរី Krek City Garden ក៏បានគិតពីពីបែបផែនសំណង់ស្ថាបត្យកម្ម ដែលឆ្លើយតបនឹងលក្ខខ័ណ្ឌភូមិសាស្ត្រ នគរូបនីយកម្ម និងលក្ខខ័ណ្ឌអាកាសាធាតុផងដែរ។លោកបន្តថា ជាមួយនឹងការគិតគូយ៉ាងចម្បងនេះ ការសាងសង់លំនៅដ្ឋានក្នុងបុរីនេះ បានធ្វើកំពស់រហូតដល់៦ម៉ែត្រ គិតពីជាន់ក្រោមដល់ជាន់ទី១ ដែលធ្វើឲ្យអ្នករស់នៅដកដង្ហើមស្រួល សម្រាកលំហែរ នេះជាអ្វីដែលប្រជាពលរដ្ឋចង់បាន។
លោកបន្តថា “នេះជាភាពច្នៃប្រឌិត និងទស្សនវិស័យវែងឆ្ងាយ ដែលធ្វើឲ្យយើងមានផលចំណេញតិច ប៉ុន្តែយើងគិតពីជីវិត ព្រោះយើងមិនចង់ឲ្យប្រជាជនដកដង្ហើមក្នុងប្រអប់ទេ វាមានគ្រោះថ្នាក់់ណាស់ដល់សុខភាព ហើយប្រជាជនយើងបច្ចុប្បន្នកំពុងប្រឈមបញ្ហានេះ” ។ លោកបន្តថា “បន្ទប់ទឹកក៏ជាប្រភពនៃបញ្ហាផងដែរ ព្រោះវាយើងរៀបចំមិនបានល្អ វានឹងធ្វើឲ្យសាយភាយខ្យល់កខ្វក់ និងសាយភាយមេរោគ ដែលប៉ះពាល់ដល់សុខភាពដល់អ្នករស់នៅ” ។
លោកបណ្ឌិតតេង រិទ្ធី បានបន្តទៀតថា គំរោងធំៗដែលលោកបានចូលរួមដេញថ្លៃកន្លងមក គឺយើងឈ្នះលើ Master Plan ហ្នឹងតែម្តង ដោយយើងបានឌីសាញផ្លូវនិមួយៗមានទំហំធំ ផ្លូវមិនទាល់ ជាក់ស្តែងនៅបុរី Krek City Gardenមានផ្លូវព័ទ្ឋជុំវិញ មិនទាល់ឡើយ ហើយមានផ្លូវរំដោះចរាចរណ៍ ករណីមានអគ្គិភ័យនៅប្លុកណាមួយកើតឡើង។ លោកបន្តថា ពីផ្លូវមួយទៅផ្លូវមួយពីអាគារមួយ ទៅអាគារមួយមានប្រវែង៥០ម៉ែត្រ ដែលធ្វើឲ្យបរិយាកាស នៃការរស់នៅមានខ្យល់ចេញចូល ដែលផ្ទះខ្លះមានមុខផ្ទះចន្លោះ១៥ ទៅ៣៥ម៉ែត្រ។
លោកបន្តថា “ខ្ញុំចង់ផ្តល់បរិយាកាសរស់នៅ ដូចនៅប្រទេសជឿនលឿននានាដូចជាអាមេរិក បារាំងជាដើម ជាក់ស្តែងទីក្រុងឌូបៃពីអាគារមួយ ទៅអាគារមួយជាមួយផ្លូវកាត់ទទឹងមានប្រវែង២០០ម៉ែត្រ” ។ លោកបន្ថែមថា “ហេតុនេះទើបខ្ញុំសង់ផ្លូវធំៗ ព្រោះទស្សនរបស់ខ្ញុំ មានផ្លូវធំ គឺមានក្តីសង្ឃឹមធំ” ៕