ដោយ៖ ប៊ី
ភ្នំពេញ៖ ស្ថាបត្យកជប៉ុនលោកស៊ូ ហ្វូជីម៉ូតូ (Sou Fujimoto) បានប្រកាសថា លោកនិងក្រុមហ៊ុនរបស់លោក នឹងរចនាប្លង់អាគារ Torch Tower ដែលជាមជ្ឈមណ្ឌលកប់ពពកលើផ្ទៃដីជិត៨ហិចតា ខណៈក្រុមហ៊ុនMitsubishi Estate នឹងដឹកនាំសាងសង់អាគារនេះ។ នេះបើយោងតាមចេញផ្សាយរបស់គេហទំព័រ The Architect’s Newspaper នៅក្នុងសប្តាហ៍នេះ។
នៅពេលសាងសង់រួចរាល់នៅឆ្នាំ២០២៧ អាគារថ្មី ដែលស្ថិតនៅក្នុងទីក្រុងតូក្យូនេះ នឹងកា្លយជាអាគារខ្ពស់ជាងគេនៅជប៉ុន ដែលមានកម្ពស់១,២៨០ហ្វីត (ជាង៣៩០ម៉ែត្រ)។ បច្ចុប្បន្ននេះ អាគារ Abeno Harukas កម្ពស់៩៨៤ហ្វីតនៅអូសាកា ជាប់ចំណាត់ថ្នាក់ជាអាគារខ្ពស់ជាងគេបំផុតនៅប្រទេស។
អាគារនេះនឹងមានលក្ខណៈពិសេស ដូចជាអ្នករស់នៅអាចគយគន់ទេសភាពទីក្រុងតូក្យូទាំងមូលពីជាន់កំពូល មានបន្ទប់សណ្ឋាគារលំដាប់ប្រណីត ការិយាល័យ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនទៀត។
គម្រោងអភិវឌ្ឍន៍ ដែលគ្រោងចំណយទុន៤,៨ពាន់លានដុល្លារ នឹងត្រូវបានផ្សារភ្ជាប់ទៅនឹងមណ្ឌលចំណតឆ្លងកាត់ធំៗ ចំនួនពីរ រួមមានស្ថានីយ៍តូក្យូ និងស្ថានីយ៍ Otemachi ដែលជាស្ថានីយ៍រថភ្លើងក្រោមដីធំជាងគេ និងមមាញឹកបំផុតនៅជប៉ុន។
ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍នេះនឹងផ្តល់ជូននូវទីជំរកដល់សាធារណៈជន ក្នុងករណីមានការរញ្ជួយដីដ៏ធំ ឬគ្រោះមហន្តរាយធម្មជាតិនានា៕