ដោយ គង់ សូរិយា
ភ្នំពេញ៖ ព៌តមានទាក់ទងនឹងការលុបចោល ការសាងសង់ព្រលានយន្តហោះថ្មីកាន់តែច្បាស់លាស់ហើយ ដោយអភិបាលខេត្តកណ្តាលបានអះអាងថា លោកមិនដែលដឹងពីគំរោងសាងសង់ព្រលានយន្តហោះថ្មីក្នុងទឹកដី ខេត្តកណ្តាលនោះទេ។
អភិបាលខេត្តកណ្តាលលោកម៉ៅ ភិរុនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ មិថុនានេះថា លោកមិនដែលបានដឹងពីគំរោងសាងសង់ ព្រលានយន្តហោះថ្មីនេះនោះទេ ហើយក៏មិនបានដឹងថាគេនឹងសាងសង់នៅទីណាដែរ។ លោកបន្តថា ព៌តមានកន្លងមក ជាការនិយាយតៗគ្នាប៉ុណ្ណោះ វាជាពាក្យចចាមអារ៉ាម មិនមានប្រភពព៌តមានច្បាស់លាស់ឡើយ។
លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានឯកសារឬព៌តមានពីក្រុមហ៊ុនណាថាចង់សាងសង់ព្រលានយន្តហោះថ្មីនេះនោះឡើយ”។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា លោកធ្លាប់បានគិតថា ទីតាំងព្រលានយន្តហោះថ្មីនេះ វាកៀកក្រុងពេក ដែលវាជាឧបសគ្គក្នុងការពង្រីកក្រុងនាពេលអនាគត។ លោកបន្តដោយលើកជាសំណួរថា តើព្រលានយន្តហោះ និងផ្លូវល្បឿនលឿនផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចបែបណា ផ្តល់ការងារដល់ប្រជាពលរដ្ឋយ៉ាងដូចម្តេច? តែសម្រាប់គំនិតលោកបានគិតថា ការបង្កើតតំបន់ឧស្សាហកម្ម គឺផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងផ្តល់ការងារដល់មនុស្សច្រើនជាង និងផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចច្រើនជាង។
លោកបន្តថា “បើការសាងសង់ព្រលានយន្តហោះ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពិតមែនវាមិនសមហេតុសមផល”៕