ដោយគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញថា ខណ្ឌចំនួន២នៅភាគខាងត្បូង នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បននេះ បាននឹងកំពុងសក្តានុពល និងរីកចំរើនខ្លាំង លើវិស័យសំណង់ និងអចលនទ្រព្យ បើធៀបជាមួយនឹងបណ្តាទិសផ្សេងទៀត។
លោកស្រីចេវ សុឃុនអតីតៈប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខណ្ឌចំនួនពីរ ដែលលោកស្រី មើលឃើញដែលកំពុងមានសក្តានុពល លើវិស័យអចលនទ្រព្យនេះ គឺខណ្ឌមានជ័យ និង ខណ្ឌដង្កោរ របស់រាជធានីភ្នំពេញ។
លោកស្រីថ្លែងថា “តំបន់ដែលមានសក្តានុពលខ្លាំង នាពេលបច្ចុប្បន្ននេះយើងឃើញនៅតំបន់ភាគខាងត្បូងមានសន្ទុះខ្លាំង ជាពិសេសនៅខាងខណ្ឌដង្កោរ ក៏ដូចជានៅខាងងខណ្ឌមានជ័យ នៅតំបន់គម្រោងផ្សារទំនើបអេអន៣ (តំបន់ផ្លូវ៦០ម៉ែត្រ) ដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងអនុវត្តគម្រោងធំៗរបស់ខ្លួន” ។
លោកស្រីបន្ថែមថា នៅតំបន់នេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដែលបាននិងកំពុងដុះឡើង និងកំពុងអភិវឌ្ឍន៍ ដែលនឹងជួយឱ្យវិស័យអចលនទ្រព្យ កាន់តែមានសន្ទុះរីកចំរើនកាន់តែខ្លាំង តែយ៉ាងណានៅតំបន់ផ្សេងៗ ទៀតក៏មានការរីកចំរើនផងដែរ។
ជាមួយគ្នានេះ លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ធ្លាប់បានឱ្យដឹងដែរថា តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញបាន និងកំពុងរីកចំរើនខ្លាំង លើវិស័យអចលនទ្រព្យច្រើន ជាងបណ្តាជាយក្រុងនានា ជាពិសេសតំបន់ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុនសែន ដោយសារមានគម្រោងធំៗជាច្រើនទៅកាន់ទីនោះ។
លោកស្រីបន្តថា “តំបន់ផ្លូវ៦០ម៉ែត្រ ហាក់មានសកម្មភាពរស់រវើកខ្លាំងជាង ដោយសារតែតំបន់នេះ មានគម្រោងធំៗជាច្រើន កំពុងរីកដុះដាល់នៅតំបន់នេះ ជាពិសេសមានគម្រោងផ្សារទំនើប AEON Mall ៣ ដោយពេលខ្លះ អ្នកវិយោគស្វែងរកទិញនៅតំបន់នេះមិនបាន ព្រោះវាមានតម្លៃខ្ពស់” ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើនភាគខាងត្បូងក្រុងភ្នំពេញ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងដោយលក្ខខ័ណ្ឌមួយចំនូនដូចជា ការរីកចម្រើននៃនគរូបនីយកម្ម ការកើនឡើងនូវចំនួនប្រជាពលរដ្ឋចូលមករស់នៅក្រុងភ្នំពេញ (កត្តាប្រជាសាស្ត្រ) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល ដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាពិសេសតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅកាន់បណ្តាញផ្កូវជាតិធំៗជាច្រើន ដូចជាផ្លូវជាតិលេខ២ ផ្លួវជាតិលេខ៣ ផ្លូវជាតិលេខ៤ជាដើម។
លោកបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដោយសារកត្តាសុខសន្តិភាព ពិតជាតម្លៃស្នូលមិនអាចខ្វះបាន ដែលជំរុញឲ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានទៅកាន់លំដាប់ថ្មីមួយទៀត” ៕