ដោយ ៖ លក្ខិណា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានផ្ដល់ជាយោបល់ដល់ពលរដ្ឋ ដែលមានជីវភាពសមរម្យ ជាពិសេសយុវជនដែលមិនទាន់រៀបការ គួរទិញដីឱ្យបានយ៉ាងហោចណាស់ពីរឡូត៍ទុកសម្រាប់នៅពេលអនាគត។
លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹតតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា យុវជនដែលមិនទាន់រៀបការ គួរតែទិញដីទុកឱ្យបានពីរឡូត៍ ព្រោះថាដីអត់កើនទេ តែមនុស្សកើន ហើយតម្លៃដីនឹងឡើងជាប្រចាំពីរមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា នៅពេលយុវជនទិញដីបានពីរឡូត៍ នៅពេលអនាគត ពេលពួកគេត្រូវការរៀបការប្រពន្ធ គេអាចលក់មួយឡូត៍ ដើម្បីបានលុយរៀបការ ហើយទុកមួយឡូត៍ទៀតសម្រាប់សង់ផ្ទះពេលរៀបការរួច។
លោកបន្តថា “ខ្ញុំចេះទិញដីឡូត៍តាំងពី១៦ឆ្នាំមកម្ល៉េះ ហើយសកម្មភាពលក់ដីឡូត៍ក៏មិនទាន់មានសកម្មភាពផុសផុសដូចពេលនេះដែរ។ សកម្មភាពអាជីវកម្មដីឡូត៍ ផុសផុលបែបនេះ គឺជាអ្វីដែលប្រទេសគេរីកចម្រើនបានធ្វើតាំងពីម្ភៃ សាមសិបឆ្នាំមុនម្ល៉េះ”។ លោកបន្តថា “អ្វីដែលគេកំពុងតែមាន គឺយើងនឹងមាននៅពេលក្រោយដូចគ្នា ដោយសារតែរីកចម្រើនមុនយើង ដូច្នេះគេត្រូវដើរមុនយើង១០-២០ឆ្នាំ”។
លោកបណ្ឌិតបានបន្ថែមថា ការអភិវឌ្ឍដីធ្លីមានផ្នែកជាច្រើនដែលដើរទន្ទឹមគ្នា ក្នុងនោះមានដីឡូត៍ ការសាងសង់បុរី និងការសាងសង់ខុនដូជាដើម ។ បច្ចុប្បន្ននេះ តម្រូវការលំនៅឋាន និងដីសម្រាប់សាងសង់លំនៅឋានកំពុងតែមានកំណើនខ្ពស់។ ជាក់ស្ដែងនៅភ្នំពេញ មានប្រជាពលរដ្ឋជាច្រើនពុំទាន់មានលំនៅឋាន សម្រាប់ស្នាក់នៅផ្ទាល់ខ្លួននៅឡើយ ដោយមួយចំនួនធំ គឺកំពុងជួលផ្ទះស្នាក់នៅ។ ដូច្នេះដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះ គឺត្រូវការពង្រីកដីសម្រាប់រាជធានី និងសង់ផ្ទះសម្រាប់ស្នាក់នៅ។
កន្លងមកបញ្ហាដីឡូត៍ ត្រូវបានរងការរិះគន់ពីអ្នកជំនាញមួយចំនួនផងដែរ ដោយសារសកម្មភាពពុះដីឡូត៍របស់អ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួន មិនបានគោរពតាមស្តង់ដាត្រឹមត្រូវ ដូចជា មិនមានបណ្តាញហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ទំហំដដីមិនមានស្តង់ដា ដែលអាចសាងសង់លំនៅដ្ឋានសមរម្យបានជាដើម៕