ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាទូទៅតម្លៃនៃអចលនវត្ថុតែងមានការកើនឡើងយ៉ាងហោចណាស់ក្នុងរង្វង់១០-១៥ភាគរយ ឬលើសពីនេះ ប៉ុន្តែរាល់ការកើនឡើងនៃតម្លៃទាំងអស់មានភាពខុសគ្នា ជាពិសេសអាស្រ័យទៅលើភាពជាក់ស្ដែងនៃតម្រូវការទីផ្សារ រួមជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
អនុប្រធានសមាគមអចលនទ្រព្យសកល លោកឡោ វិចិត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា ការកើនឡើងនៃតម្លៃអចលនវត្ថុគឺមិនមែនអាស្រ័យទៅលើការកំណត់របស់អ្នកណាម្នាក់នោះទេ ប៉ុន្តែវាកើនឡើងដោយសារតែមានតម្រូវការជាក់ស្ដែងរួមជាមួយនឹងកត្តានៃភាពរីកចម្រើននៃសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា “យើងទទួលស្គាល់ថា ជាទូទៅតម្លៃអចលនវត្ថុតែងកើនឡើងជារៀងរាល់ឆ្នាំមិនថាចំពោះតម្លៃដី តម្លៃលំនៅដ្ឋាន និងគម្រោងខុនដូនោះទេ ទាស់ត្រង់ឡើងតិច ឬច្រើនតែប៉ុណ្ណោះ។
លោកបានបន្តឱ្យដឹងទៀតថា ការកើនឡើងនៃតម្លៃអចលនវត្ថុនេះផងដែរក៏មានភាពខុសគ្នាផងដែរ ដោយក្នុងនោះលោកបានបញ្ជាក់ថា “ការកើនឡើងនៃតម្លៃលំនៅដ្ឋានគឺអាស្រ័យទៅលើតម្រូវការរបស់មនុស្សក្នុងការរស់នៅ នៅពេលដែលតម្រូវការទីផ្សារមានច្រើន នោះតម្លៃវានឹងកើនឡើង។ ដោយឡែកចំពោះទីផ្សារខុនដូក៏ដូចជា នៅពេលដែលតម្រូវការមានច្រើនវាក៏កើនឡើងដូចគ្នា ជាពិសេសនៅពេលដែលស្ថានភាពនៃការរាលដាលនៃជំងឺត្រូវបានបញ្ចប់ ការវិលត្រឡប់របស់អ្នកវិនិយោគអន្តរជាតិ ក៏ដូចជាជនបរទេសមកកាន់កម្ពុជាវិញ នោះតម្លៃខុនដូក៏នឹងកើនឡើង ដែលខុសប្លែកពីដីឡូត៍ហាក់ពិបាកនឹងឡើងបន្តិចដោយសារតែវាឈានចូលដល់ចំណុចមួយឆ្អែត។
លោកបញ្ជាក់ថា “ដីឡូត៍មានទីផ្សារទូលាយ ប៉ុន្តែតម្លៃមិនងាយឡើងខ្ពស់នោះទេ។ ភាគច្រើនដីឡូត៍ស្ថិតនៅឆ្ងាយពីតំបន់ក្រុង និងទីប្រជុំដែលនៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋចូលទៅដល់។ វាងាយស្រួលទិញ ប៉ុន្តែពិបាកអភិវឌ្ឍក្នុងពេលដ៏ខ្លីណាស់ ដូច្នេះតម្លៃហាក់នៅបន្តទ្រឹង ឬត្រូវរង់ចាំពេលវេលាយូរបន្តិចទើបអាចមានកំណើនបាន”។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEYTHMEY Real Estate លោកវិន ឈុនហ៊ាតបានប្រសាសន៍ថា ទីផ្សារដីឡូតិ៍ពិបាកនឹងឡើងថ្លៃ និងផ្តល់ឱកាសចំណេញដល់អ្នកទិញតិចតួច ប៉ុន្តែភាគច្រើនអ្នកដែលទិញដីឡូត៍គឺទិញតាមតម្រូវការរបស់ខ្លួនសម្រាប់ទុកជាកម្មសិទ្ធិ ឬសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅ មិនមែនទិញទុកវិនិយោគបន្តយកចំណេញដូចការវិនិយោគនៅក្នុងផ្នែកដទៃទៀតនៃវិស័យអចលនទ្រព្យនោះទេ។
លោកបន្តថា “អ្នកមានធនធានច្រើនគេមិនទិញដីឡូត៍នោះទេ ប៉ុន្តែគ្រប់គម្រោអភិវឌ្ឍន៍ដីឡូត៍បានផ្តល់ឱកាសសម្រាប់អ្នកដែលមានធនធានតិចតួច ប៉ុន្តែអាចទិញដីទុកជាកម្មសិទ្ធិបានតាមរយៈលក្ខខណ្ឌនៃការបង់រំលោះប្រចាំខែ ដូច្នេះភាគច្រើនអ្នកដែលទិញដីឡូត៍គឺទិញសម្រាប់តម្រូវការជាក់ស្ដែងរបស់ពួកគេ”៕