ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងចំណោមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញសរុបជាង៣លាននាក់ មានត្រឹមតែជាង១,៨លាននាក់តែប៉ុណ្ណោះ ដែលមានលំនៅឋានស្នាក់នៅផ្ទាល់ខ្លួន និងប្រមាណ១,៥លាននាក់ មិនទាន់មានលំនៅដ្ឋានសមរម្យនៅឡើយទេ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា កំណើនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ ដែលគិតជាមធ្យមក្នុងមួយឆ្នាំ មានកំណើនប្រមាណ២០ម៉ឺនទៅ៣០ម៉ឺននាក់ ហើយអ្នកចំណូលថ្មីៗទាំងនោះ នឹងមិនត្រលប់ទៅខេត្តវិញនោះទេ។ ដូច្នេះភ្នំពេញត្រូវការពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដោយកាត់យកតំបន់មួយចំនួននៃខេត្ត ដែលមានព្រំប្រទល់ជាប់ភ្នំពេញ ចូលជាចំណុះក្នុងការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ។
លោកឧកញ៉ាបន្តថា “ក្នុងចំណោមប្រជាពលរដ្ឋរស់នៅភ្នំពេញជាង៣លាននាក់ គឺមានតែពលរដ្ឋជាង១,៨លាននាក់ទេ ដែលមានផ្ទះអចិន្ត្រៃយ៍នៅភ្នំពេញ ក្រៅពីនោះគឺជួលផ្ទះគេនៅទាំងអស់”។ កត្តាដែលពលរដ្ឋរស់នៅភ្នំពេញជាច្រើន ជួលផ្ទះគេនៅ ដោយសារតែពួកគាត់ មិនទាន់មានលទ្ធភាព ក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ព្រោះថាលំនៅឋាននៅភ្នំពេញ ឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបណ្ឌិតបានបន្តថា “អ្វីដែលជាជម្រើសល្អសម្រាប់អ្នក ដែលមិនមានលទ្ធភាពក្នុងការទិញផ្ទះនៅភ្នំពេញ គឺទិញដីទុកសង់ផ្ទះនៅពេលអនាគត។ កត្តានេះហើយទើបធ្វើឱ្យសកម្មភាពពុះដីឡូត៍ លក់នៅក្បែរៗភ្នំពេញមានសកម្មភាពកាន់តែខ្លាំង”។
ជាមួយគ្នានេះ លោកសន សៀប អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍលំនៅឋានពីមួយឆ្នាំទៅមួយឆ្នាំមានច្រើនណាស់ តែមានពលរដ្ឋជាច្រើននៅតែជួលផ្ទះគេស្នាក់នៅ គឺបណ្ដាលមកពីកត្តាហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់ ដែលធ្វើឱ្យពួកគាត់មិនមានលុយគ្រប់គ្រាន់ ក្នុងការទិញផ្ទះដែលមានតម្លៃខ្ពស់ស្នាក់នៅ ។
លោកបន្តថា “អ្វីដែលខ្ញុំមើលឃើញអ្នកអភិវឌ្ឍន៍ ដែលសង់លំនៅឋានតម្លៃសមរម្យ គឺមានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន ហើយភាគច្រើននៃលំនៅឋានទាំងនោះ គឺត្រូវទៅសង់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញបន្តិច ដោយសារតែតម្លៃនៅទាប”។ លោកបន្តថា “សម្រាប់អ្នកដែលមានជីវភាពធូរធា ក៏បានទិញផ្ទះនៅក្បែរភ្នំពេញ និងនៅកណ្ដាលក្រុង ឬក៏អាចទិញខុនដូស្នាក់នៅតែម្ដង ព្រោះវានៅជិតកន្លែងការងារ និងងាយស្រួលក្នុងការធ្វើដំណើរចេញចូលក្រុងភ្នំពេញ”៕