ឥណ្ឌូនេស៊ីប្រើមូលនិធិរបស់ខ្លួនទាក់ទាញការវិនិយោគដល់ទៅ១០ពាន់លានដុល្លារ

0

ដោយៈសុខុម

ហ្សាការតា:  សារព័ត៌មានCNA ចុះផ្សាយថា ប្រទេសឥណ្ឌូនេស៊ី ទទួលបានការវិនិ​យោគពីបណ្ដាក្រុមហ៊ុនជុំវិញពិភពលោក រហូតដល់១០ពាន់លានដុល្លារអាមេរិក សម្រា​ប់មូលនិធិ Sovereign Wealth Fund (SWF) របស់ខ្លួន នៅមុនការចាប់ផ្ដើមដំណើរការមូលនិធិនេះជាផ្លូវការដែលគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ២០២១ នេះ។ នេះបើយោងតាមទេសរដ្ឋមន្ត្រីមួយរូបទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

អាជ្ញាធរឥណ្ឌូនេស៊ី ទទួលបន្ទុកផ្នែកវិនិយោគ (Indonesia Investment Authority (INA)) មានបំណងទាក់ទាញមូលនិធិបរទេស ឱ្យចូលរួមធ្វើជាសហវិនិយោ​គិន ដែលខុសពីមូលនិធិSWF ផ្សេងទៀតដែលបណ្ដាប្រទេសអភិវឌ្ឍន៍បង្កើតឡើង ដើម្បីគ្រប់គ្រងចំណូលប្រេង ឬរូបិយប័ណ្ណបរទេស។

ទេសរដ្ឋមន្ត្រី Airlangga Hartarto និងជារដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានថ្លែងប្រាប់វេទិកាពាណិជ្ជកម្មមួយថា INA ត្រូវបានដាក់ឱ្យស្ថិតក្នុងចំណោ​មវិនិយោគិនចំនួនជាង៥០ជុំវិញពិភពលោក។

ជាមួយនឹងគោលដៅ គ្រប់គ្រងមូលនិធិ២០ពាន់លានដុល្លារអាមេរិក រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងត្រូវផ្ដល់សាច់ប្រាក់ចំនួន៥ពាន់លានដុល្លារអាមេរិក និងទ្រព្យសកម្មផ្សេងៗទៀតដល់ INA ជាមុនសិន។

បទបង្ហាញរបស់ទេសរដ្ឋមន្ត្រីខាងលើបង្ហាញថា មូលនិធិសោធនកាណាដា Caisse de depot et placement du Quebec (CDPQ) បានចុះហត្ថលេខាលើលិខិតក្រៅផ្លូវការមួយ ដោយបញ្ជាក់ពីបំណងវិនិយោគ រហូតដល់ទៅ២ពាន់លានដុល្លារអាមេរិក និង១,៥ ពាន់លានដុល្លារអាមេរិក ទៀតបានពីមូលនិធិសោធនហូឡង់ APG។

មូលនិធិ SWF របស់សិង្ហបុរី ដែលមានឈ្មោះថា GIC ក៏បានចុះឈ្មោះដែរ ខណៈធនាគារវិនិយោគអូស្ត្រាលី Macquarie បានសុំគ្រប់គ្រងមូលនិធិផ្លូវបង់ប្រាក់ ហើយអាចនឹងចូលរួមចំណែក៣០០លានដុល្លារអាមេរិក បន្ថែមទៀត។

ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ព្យាយាមទាក់ទងដើម្បីសុំការបំភ្លឺដោយឡែកៗពីគ្នាជុំវិញបញ្ហានេះ មូលនិធិសោធនហូឡង់ APG ធនាគារវិនិយោគអូស្ត្រាលី Macquarie មូលនិធិសោធនកាណាដា CDPQ និងមូលនិធិសិង្ហបុរី GIC មិនបានឆ្លើយតបនោះទេ។

តើមូលនិធិ SWF ជាអ្វី?

SWFជាមូលនិធិគ្រប់គ្រងដោយរដ្ឋមួយ ដែលមានទ្រព្យសកម្មហិរញ្ញវត្ថុដូចជាភាគហ៊ុន សញ្ញាប័ណ្ណ ទ្រព្យសម្បត្តិ និងឧបករណ៍ហិរញ្ញវត្ថុ (Financial Instrument) ផ្សេងៗទៀត។ មូលនិធិប្រភេទនេះគឺជាស្ថាប័ន ដែលគ្រប់គ្រងលុយសន្សំរបស់ជាតិសម្រាប់គោ​លបំណងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here