គម្រោងអភិវឌ្ឍន៍ក្រុងថ្មីដ៏ធំនៅតំបន់ឆ្នេររាមតម្លៃជិត១០០០លានដុល្លារ ចាប់ដំណើរការបុគគ្រឹះសាងសង់ក្នុងដំណាក់កាលដំបូង

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ក្រុងថ្មីស្ថិតនៅតំបន់ឆ្នេររាមនៃខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបជិត១០០០លានដុល្លារក្រោមកិច្ចសហការរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសឹង្ហបុរី គិតត្រឹមដើមឆ្នាំ២០២១នេះបានចាប់ផ្តើមធ្វើការបុគគ្រឹះសាងសង់សំណង់ក្នុងដំណាក់កាលដំបូងហើយ ដោយផ្តើមចេញពីប្រភេទសំណង់វីឡាប្រណីតបែបលំហែប្រមាណ១០០ខ្នង រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងគម្រោងផងដែរ។

គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្រុងថ្មីនៃតំបន់ឆ្នេរសមុទ្ររាម Crystalville Ream Beach ដែលមានទុនវិនិយោគជិត១០០០លានដុល្លារ គឺជាគម្រោងដ៏ធំដែលមានការអភិវឌ្ឍន៍ចម្រុះ រួមមានសំណង់លំនៅដ្ឋានប្រភេទវីឡាកម្រិតអភិជន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារកម្រិតផ្កាយ៥ នឹងបង្ហាញវត្តមានរបស់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ក្រោមការវិនិយោគរួមគ្នាពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនលំដាប់យក្សមកពីប្រទេសសឹង្ហបុរី។

នាយិកាគ្រប់គ្រងផ្នែកលក់គម្រោងវីឡាបែបលំហែរកាយ និងប្រណីតភាពលើកដំបូងនៅតំបន់ឆ្នេរសមុទ្ររាម ដែលស្ថិតនៅក្នុងគម្រោង Crystalville Ream Beach អ្នកនាង លីម សុខាដាវីន បានបង្ហើបប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់លំនៅដ្ឋានប្រភេទជាវីឡាបែបលំហែរ និងកម្សាន្តកម្រិតអភិជននេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក FURI Corporation និងក្រុមហ៊ុនវិនិយោគអចនទ្រព្យដ៏ធំមកពីសាំងហ្គាពួរ គឺជាផ្នែកមួយក្នុងគម្រោង Crystalville Ream Beach។

អ្នកនាងបានបន្តទៀតថា “គម្រោងលំនៅដ្ឋានប្រភេទវីឡាលំហែរកាយនេះ បានចាប់ផ្តើមបើកលក់ជាបណ្ដើរៗហើយ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍បានចាប់ផ្តើមធ្វើការបុគគ្រឹះសាងសង់ស្ថិតនៅក្នុងដំណាក់ដំបូង ដោយវីឡាទាំងអស់នេះ មានលក្ខណៈខុសប្លែកពីគម្រោងទូទៅ។ ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍បានផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត បង្កើតសោភ័ណភាពស្រស់ស្អាត និងប្រណីតភាព ស័ក្ដិសមទៅនឹងប្រភេទវីឡាស្នាក់នៅបែបលំហែរកាយនៅតំបន់ឆ្នេរសមុទ្រ ជិតឧទ្យានជាតិរាម ខេត្តព្រះសីហនុ” ។

ភាពអស្ចារ្យនៅក្នុងគម្រោងមួយនេះ ក្រៅតែពីជាប្រភេទវីឡាសម្រាប់ស្នាក់នៅលំហែរកាយ គឺនៅមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតក្រោមគំនិតច្នៃប្រឌិតរបស់អ្នកជំនាញមកពីសាំងហ្គាពួរ ដោយគ្រប់វីឡាទាំងអស់សុទ្ធតែមានអាងហែកទឹកនៅពីមុខ ត្រូវតាមក្បួនហុងស៊ុយជនជាតិចិន មានកន្លែងអង្គុយសម្រាកលេង ឬដេកហាលកំដៅថ្ងៃនាតំបន់សមុទ្រ មានតំបន់ម្លប់ឈើបៃតងនៅព័ទ្ធជុំវិញ ហើយនៅលើដំបូលក៏មានកន្លែងអង្គុយលេង ឬទទួលទានអាហារលក្ខណៈគ្រួសារផងដែរ។

គម្រោង Crystalville Ream Beach ត្រូវបានរៀបចំអភិវឌ្ឍន៍នៅលើផ្ទៃដីតំបន់ឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ ទំហំសរុបប្រមាណ៤៣ហិកតា ដោយត្រូវបានចែកចេញជា ៣ដំណាក់កាលក្នុងការសាងសង់។ ដំណាក់កាលទី១ ក្រុមហ៊ុននឹងសាងសង់លំនៅដ្ឋានបែបលំហែរកាយចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡាលំហែរកាយ, វីឡាឆ្នេរខ្សាច់ និងវីឡាកោងកាង) ចំណាយពេលត្រឹម២ឆ្នាំ ។

ដំណាក់ទី២ នឹងចាប់ដំណើរការសាងសង់អាងហែលទឹកគ្រីស្ទាល់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតា ក្រោមជំនាញរបស់ក្រុមហ៊ុនមកពីសាំងហ្គាពួរ ហើយក៏ជាលក្ខណៈពិសេស ដែលស្ថិតនៅចំកណ្តាលគម្រោង Crystalville Ream Beach ផងដែរ។

ដោយឡែកដំណាក់ទី៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់សំណង់អគាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមាន ខុនដូ អាផាតមិន សណ្ឋាគារកម្រិតផ្កាយ៥ រួមជាមួយនឹងផ្សារទំនើប ដែលផ្តោតសំខាន់ទៅសេវាចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំគម្រោងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here