ដោយៈម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា សម្រាប់ដើមឆ្នាំ២០២១នេះ តម្រូវការលំនៅ ដ្ឋានបែបប្រណីតនៅក្នុងគម្រោងបុរី បានចាប់ផ្តើមមានកំណើន ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានមើញថា ចាប់ផ្តើមមានសកម្មភាព កម្រើកឡើងវិញនៅដើមឆ្នាំនេះ។
លោកប៉ូ អ៊ាវគង់អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេតបានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា សញ្ញាវិជ្ជមានសម្រាប់ វិស័យអចលនទ្រព្យចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ហើយទន្ទឹមនឹងនេះ លំនៅដ្ឋានបែបប្រណីតក្នុងគម្រោងបុរីថ្មីៗមួយចំនួន ត្រូវបានដាក់ដំណើរការសាងសង់នៅដើមឆ្នាំ២០២១នេះ។
លោកបានឱ្យដឹងថា “តម្រូវការលំនៅដ្ឋានបែបប្រណីតភាគច្រើន ទីផ្សារនៅក្នុងស្រុករបស់យើង ហើយមួយភាគតូច ក៏ត្រូវបានវិនិយោគិនទិញសម្រាប់ជួល ទៅឱ្យអ្នកប្រធានអង្គការធំៗ និងប្រធានក្រុមហ៊ុនធំៗពីបរទេស ដើម្បីទទួលបានផលចំណេញផងដែរ”។លោកបានថ្លែងថា “យើងឃើញថាតម្រូវការលំនៅដ្ឋានបែបប្រណីត នៅដើមឆ្នាំ២០២១ នៅតែមានកំណើន ដោយសារអ្នកមានចំណូលខ្ពស់ និងអ្នករកស៊ីមានរំហូរសាច់ល្អ នៅតែត្រូវការលំនៅដ្ឋានបែបប្រណីត”។
លោកប៉ូ អ៊ាវគង់បានបន្តថា សម្រាប់ដើមឆ្នាំ២០២១ សញ្ញាវិជ្ជមានចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ចាប់ផ្តើមបង្ហាញជាបណ្តើរៗ ដោយសារស្ថាប័នធំៗ បានព្យាករពីកំណើនវិជ្ជមានសេដ្ឋកិច្ចកម្ពុជា ដែលវាផ្តល់ទំនុកចិត្តដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគិន។
លំនៅដ្ឋានបែបប្រណីតមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ ទៅដល់ជាង១លានដុល្លារ ហើយលំនៅដ្ឋានបែបប្រណីតភាគច្រើន ត្រូវបានអភិវឌ្ឍន៍ក្នុងគម្រោងបុរី។
យោងតាមលោកប៉ូ អ៊ាវគង់បានឱ្យដឹងថា លំនៅដ្ឋានបែបប្រណីតត្រូវបានបែងចែកចេញជាច្រើនប្រភេទ ក្នុងនោះទី១ វិឡាកូនកាត់ ឬLinkhouse ដែលមានទំហំចាប់ពី៥គុណ១២ និងមានកម្ពស់ពី២ទៅ៣ជាន់ មានតម្លៃចន្លោះពី១០ម៉ឺនដុល្លារ ទៅ២០ម៉ឺនដុល្លារ ទី២ វីឡាភ្លោះមានតម្លៃចាប់ពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារ ទី៣ វីឡាទោល (បែងចែកចេញជាប្រភេទ ដូចជាវIឡា Queen A និងវីឡា Queen B) មានតម្លៃចាប់ពី ៥០ម៉ឺន ទៅ៩០ម៉ឺន និងទី៤ King វីឡា មានតម្លៃចាប់ពី១លានដុល្លារឡើងទៅ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា “ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែក ពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក”។
លោកស្រីបញ្ជាក់ថា ការអភិវឌ្ឍនៅក្នុងវិស័យលំនៅដ្ឋាន ផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុក មិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលដៅរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើន មិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់។
លោកស្រីបន្តថា “ខ្ញុំជឿជាក់ថា នៅឆ្នាំ២០២១ នេះ ទីផ្សារអចលនទ្រព្យរួមនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញជាបណ្តើរ ខណៈដែលបច្ចុប្បន្ននេះលទ្ធផលនៃការប្រើប្រាស់ថ្នាំបង្ការ ឬវ៉ាក់សាំងការពារជំងឺឆ្លង ត្រូវបានចាប់ផ្តើមអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការនាំយកវ៉ាក់សាំងមកកាន់កម្ពុជាក្នុងពេលឆាប់ខាងមុខនេះផងដែរ”៕