ដោយ៖ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានវាយតម្លៃថា តម្លៃដីធ្លីនៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានកើនតម្លៃទ្វេរដងក្នុងរយៈពេលចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ មករានេះថា តម្លៃដីធ្លីនៅទីរួមខេត្តមណ្ឌលគិរី ពិតជាបានឡើងថ្លៃ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលអាចតភ្ជាប់កម្រិតតំបន់ នឹងជម្រុញកំនើនសេដ្ឋកិច្ច និងវិនិយោគនៅក្នុងខេត្តនេះ។
លោកបន្តថា ជាក់ស្តែងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងសែនមនោរម្យ តម្លៃផ្ទះមួយល្វែងបានកើនដល់ជាង២០ម៉ឺនដុល្លារ ខណៈតម្លៃដីនៅតំបន់បែបនេះមានតម្លៃចន្លោះពី៧០០ទៅ១០០០ដុល្លាររួចទៅហើយ ប៉ុន្តែនៅតំបន់តាមផ្លូវជាតិក្នុងទីក្រុងមួយចំនួន ការលក់គិតជាម៉ែត្រដើរ ដែលមួយម៉ែត្រមានតម្លៃចន្លោះពី១៧០០ ទៅ១៨០០ដុល្លារអាមេរិក។ ចំណែកដីដែលមានចម្ងាយពីក្រុងសែនមនោរម្យ៥គីឡូម៉ែត្រ ដីធ្លីមានតម្លៃចន្លោះពី៦ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីនៅតំបន់ប៊ូស្រាមានតម្លៃចន្លោះពី៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែការទិញលក់នៅតំបន់នេះគួរសិក្សាប្លង់ ឬប័ណ្ណកម្មសិទ្ឋឲ្យបានត្រឹមត្រូវ។
លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នតម្លៃដីនៅខេត្តនេះបានកើនឡើង១គុណនឹងពីររួចទៅហើយ ប៉ុន្តែនាពេលអនាគតនឹងរីកចម្រើនលឿនថែមទៀត ហើយតម្លៃដីនឹងមានកំនើនខ្ពស់ ប្រសិនជាមានសកម្មភាពសេដ្ឋកិច្ចរសរវើក និងសកម្មភាពទិញលក់កើនឡើង។
រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញផែនការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីជាតំបន់សេដ្ឋកិច្ចពហុបំណង ពិសេសជម្រុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តនេះ តាមរយៈផែនការមេរបស់ខ្លួន ដោយនឹងមានការដាំផ្កា ដាំបន្លែសម្រាប់ផ្គត់ផ្គង់់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ពិសេសការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនឹងលេចឡើងនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនPowerchina Groupបាននិងកំពុងសិក្សាវិនិយោគលើព្រលានយន្តហោះនេះ។
លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះខេត្តមណ្ឌលគិរីជាព្រលានកម្រិតតំបន់ឬអន្តរជាតិ ដែលអាចអនុញ្ញាត្តឲ្យយន្តហោះ ដែលផ្ទុកអ្នកដំណើរចន្លោះពី១៧០ទៅ១៨០នាក់អាចចុះចតបាន។
លោកបន្តថា “ប្រសិនជាផែនការមេនិងការសិក្សាបញ្ចប់តាមផែនការ ក្រុមហ៊ុនPower China Group នឹងចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំនេះ”៕