ដោយៈ ម៉ាណេត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រដ្ឋាភិបាល នឹងបង្កើនយកចិត្តទុកដាក់ លើវិស័យសំណង់ និងអចលនទ្រព្យ ដែលជាជន្ទល់សេដ្ឋកិច្ចមួយរឹងមាំ ក្នុងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យសំណង់គឺជន្ទល់សេដ្ឋកិច្ចមួយរឹងមាំ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយឺត អំឡុងពេលមានវិបត្តិ។
លោកបានឱ្យដឹងថា យើងរំពឹងថា (វិស័យសំណង់ និងអលនទ្រព្យ) ធ្លាក់ជាងនេះ ប៉ុន្តែជាក់ស្តែង អត់សូវធ្លាក់ចុះទេ វិស័យសំណង់ធ្លាក់ចុះតិច ពី១៣ភាគរយ ចុះត្រឹម៥ភាគរយ តែឥឡូវធ្លាក់តែក្នុងរង្វង់-២ភាគរយប៉ណ្ណោះ ដូច្នេះល្អជាងការគ្រោងទុក។វិស័យអចលនទ្រព្យនៅកម្ពុជាមានការងើបឡើងវិញបន្តិចដែរ ពីជាង-៧ ឬ-៨ភាគរយ មកត្រឹម-៤ភាគរយដែរ។
លោកបានថ្លែងថា “ខ្ញុំជឿថា មកដល់ពេលនេះ រដ្ឋ ជាគោលនយោបាយ ត្រូវថែទាំវិស័យនេះ ដោយសារវិស័យសំណង់ និងអចលនទ្រព្យគឺជន្ទល់សេដ្ឋកិច្ចមួយ ក្នុងពេលមានវិបត្តិផងដែរ”។
លោកបានថ្លែងទៀតថា ជាមួយគ្នានេះ យើងបានដាក់ចេញគោលការណ៍មួយ សម្រាប់លំនៅដ្ឋានតម្លៃសមរម្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ដោយអត់យកពន្ធទេ ដោយសារគោលនយោបាយការណ៍នេះ ការលក់ដូរអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារ មានការកើនឡើងច្រើន ប៉ុន្តែខុនដូលំដាប់ប្រណីត ឬផ្ទះតម្លៃថ្លៃមានការធ្លាក់ចុះ ដោយសរុបជារួម វាធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះតិច។
លោកបានថ្លែងទៀតថា ទោះបីវិស័យនេះមានធ្លាក់ចុះក៏ដោយ ប៉ុន្តែវាល្អជាងការរំពឹងរបស់យើង។ វិស័យអចលនទ្រព្យនៅតែជាជន្ទល់រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់យើង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ដោយសារតែបញ្ហានៃវិបត្តិសេដ្ឋកិច្ចសាកលបានធ្វើឱ្យសកម្មភាពធំមួយចំនួនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាសន្ទុះនៃការបណ្តាក់ទុនវិនិយោគនៅកម្ពុជាមានកាធ្លាក់ចុះ ប៉ុន្តែទោះជាយ៉ាងណា ទីផ្សារមួយនេះនៅតែមានលទ្ធភាពក្នុងការចូលចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាដដែល។
លោកបន្តថា “យើងទទួលស្គាល់ថាសកម្មភាពនៃការអភិវឌ្ឍគម្រោងថ្មីត្រូវបានធ្លាក់ចុះ ប៉ុន្តែមិនមែនទាំងអស់នោះទេ ព្រោះគម្រោងធំៗមួយចំនួនដែលបន្សល់ទុកតាំងពីឆ្នាំចាស់នៅតែបន្តសកម្មភាពសាងសង់របស់ខ្លួនគ្រាន់តែថាហាក់យឺតជាងមុនបន្តិច ដោយសារតែម្ចាស់គម្រោង ឬម្ចាស់ទុនដែលជាជនជាតិបរទេសនៅមិនទាន់អាចវិលត្រឡប់មកកាន់កម្ពុជានៅឡើយ”។
លោកច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា បើទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបនេះក៏ដោយ ប៉ុន្តែតាមរយៈចរន្តទីផ្សារនៅក្នុងស្រុកបានជួយចូលរួមចំណែកក្នុងការជ្រោមជ្រែង និងទ្រទ្រង់សេដ្ឋកិច្ចជាតិបានមួយចំណែកផងដែរ ដោយសារតែអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកបានបញ្ចេញកញ្ចប់ថវិកាសម្រាប់កិច្ចដំណើរការគម្រោងរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការទីផ្សារជាក់ស្ដែង៕