ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាសម្តេចគ្មានគម្រោងលុបចោលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចឆ្នាំមុននោះទេ ព្រោះសភាពការណ៍អាចគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩បាន ខណៈឆ្នាំមុនការគ្រប់គ្រងសភាពការណ៍មិនច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ថា សម្ដេចគ្មានគម្រោងនឹងលុបចោលពិធីចូលឆ្នាំខ្មែរដូចកាលពីឆ្នាំមុន នោះទេ ខណៈការគ្រប់គ្រងក្នុងសភាពការណ៍មិនច្បាស់លាស់។
សម្ដេចតេជោបានពន្យល់ថា កាលពីឆ្នាំទៅ មូលហេតុដែលផ្អាកការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរពីព្រោះមូលហេតុឆ្នាំទៅនេះមានពលករមកពីប្រទេសថៃចំនួន១២ម៉ឺននាក់ ដែលសម្រុកចូលមកកម្ពុជាភ្លាមៗ ដោយចំណុចទាំងនេះបានធ្វើឱ្យមិនដឹងថា អ្នកណាមានជំងឺកូវីដ១៩ ឬអត់ បូករួមទាំងអ្នកចេញពីរាជធានីភ្នំពេញថែមទៀត។ សម្ដេចតេជោបានលើកឡើងថា កាលពីឆ្នាំមុន ពិធីបុណ្យចូលឆ្នាំនៅតែបុណ្យចូលឆ្នាំ ប៉ុន្តែផ្អាកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំ ដោយត្រូវសងវិញចំនួន៥ថ្ងៃក្រោយ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះគឺគ្មានគម្រោងផ្អាកនោះទេ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការសម្រាប់នៅថ្ងៃខាងមុខផងដែរថា បើសិនមានការផ្ទូះជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ អាចនឹងមានវិធានការផ្សេង។ ប៉ុន្តែសម្តេចតេជោធានាថា ចំពោះច្បាប់ក្នុងគ្រាមានអាសន្នមិនត្រូវបានដាក់ឱ្យប្រើនោះទេ តែវិធានត្រូវប្រុងប្រយ័ត្នជានិច្ច។ សម្តេចតេជោបានបន្ថែមថា “ចូលឆ្នាំនៅតែចូល ប៉ុន្តែយើងរក្សាគម្លាត រាំក៏រាំទៅ តែរាំឱ្យឆ្ងាយពីគ្នាទៅ ហើយឥឡូវការរាំក្បាច់ ឈ្លូ ប្រហែលជាបោះបង់ចោលហើយលើពិភពលោកនេះ”។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានរម្លឹកផងដែរថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ក៏រៀបចំចុះប៉ុន្តែត្រូវរក្សាគម្លាតដោយក្នុងមួយតុធ្លាប់ដាក់គ្នា១០នាក់ ទុកតែ៥នាក់បានហើយដើម្បីរក្សាគម្លាត។
សម្ដេចតេជោបានចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋមានតម្លៃខ្លាំងណាស់ក្នុង ការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលចំណុចនេះ ស្ថិតក្នុងអភិបាលកិច្ចទាំងអស់ ហើយមិនប្រាកដថាប្រទេសអ្នកមានមិនស្លាប់មនុស្សនោះទេ។ តែផ្ទុយទៅវិញប្រទេសអ្នកមានស្លាប់មនុស្សច្រើនជាងគេទៅវិញ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ចំពោះដំណើរការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩គឺមានការពិបាកជាងការដឹកនាំកងទ័ពធ្វើការប្រយុទ្ធទៅទៀត ព្រោះថាជំងឺកូវីដ១៩មិនដឹងទីតាំងច្បាស់លាស់ និងគ្មានស្រមោល ដូច្នេះមិនដឹងទៅណា ឬនៅកន្លែងណានោះទេ៕