ការវិនិយោគលើវិស័យសំណង់នៅខេត្តកោះកុងកំពុងមានការកើនឡើង

0

ដោយ ៖ រ៉ាណេត

កោះកុង ៖ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងការបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់របស់ក្រុមហ៊ុនដែលមានតម្លៃប្រមាណ៤០០០លានដុល្លារនោះ បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានជាច្រើនបន្ថែមទៀតក្រោមការបណ្តាក់ទុនដោយវិនិយោគិនក្នុងស្រុក។

លោករស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសូរិយោដីបានមានប្រសាសន៍ប្រាប់គេហទំព័រ www.propertyarea.asia នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះថា បច្ចុប្បន្នគម្រោងសាងសង់សំណង់ជាច្រើនបាន និងកំពុងមានសកម្មភាពដោយក្នុងនោះភាគច្រើនជាគម្រោងសាងសង់បណ្តុំលំនៅដ្ឋាន និងលំនៅដ្ឋានដាច់ដោយឡែក។

លោកបន្តថា “ក្នុងឆ្នាំ២០២០កន្លងទៅនេះ ខេត្តកោះកុងទទួលបានគម្រោងវិនិយោគយ៉ាងច្រើន ដែលក្នុងនោះរួមមានគម្រោងនៃការបង្កើតតំបន់កម្សាន្ត រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណងសរុបចំនួន៩៤គម្រោង ដែលមានទុនវិនិយោគសរុបជាង២១លានដុល្លារ”។

លោកបញ្ជាក់ទៀតថា “គម្រោងភាគច្រើនគឺជាការវិនិយោគក្នុងវិស័យលំនៅដ្ឋានដោយក្នុងនោះមានទាំងគម្រោងបណ្តុំលំនៅដ្ឋាន និងគម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ផងដែរ ដែលស្ថិតនៅតាមតំបន់ជាយក្រុង និងតំបន់ក្បែរដៃសមុទ្រ”។

ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកោះកុង រួមមានផ្លូវថ្នល់ដែលកំពុងមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នគម្រោងស្ថាបនាផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង មកកាន់ខេត្តពោធិ៍សាត់ ដោយឆ្លង់កាត់ស្រុកសំឡូតខេត្តបាត់ដំបង មានប្រវែងសរុបជិត២០០គីឡូម៉ែត្រ ក្រោមទុនចំណាយ១៨៣លានដុល្លារ សម្រេចបានប្រមាណ៤៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំប្រចាំខេត្តកោះកុងត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតា ដែលគ្របដណ្តប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ គំរោងនេះបានប្រកាសទុនវិនិយោគលើកដំបូងតម្លៃ៤០០០លានដុល្លារអាមេរិក។

ក្រៅពីនេះនៅមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីតម្លៃជាង១០០០លានដុល្លារ រួមជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងអភិវឌ្ឍន៍ និងសាងសង់ព្រលានយន្តហោះថ្មី គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរភូមិន្ទ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិកម្រិតមធ្យមជាច្រើនទីតាំងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here