ហេតុអ្វី Naga Corp វិនិយោគ China Town និង​គម្រោង​ដ៏​ធំ​ជា​លើកដំបូងតម្លៃ ៣៥០លាន​ដុល្លារ​នៅ​ក្រុង​សៀមរាប

0

ដោយៈ​ប៊ី

ភ្នំពេញៈ ខេត្តសៀមរាប​នឹង​ស្វាគមន៍​ឆាយ​ណា​ថោ​ន​ជា​លើកដំបូង ដែល​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន​ណាហ្គា ខ​ប (NagaCorp) នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​របស់ខ្លួន ដែល​គ្រោង​នឹង​បោះទុន​វិនិយោគ ៣៥០លាន​ដុល្លារ។

ក្រុមហ៊ុន​ណាហ្គា​ខ​ប កាលពីថ្មីៗនេះ បានបង្ហាញ​ផែនការ​អភិវឌ្ឍ​រមណី​យ​ដ្ឋា​ន​មិនមាន​ល្បែង ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៣៥០លាន​ដុល្លារ នៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​លើកកម្ពស់​តំបន់​ប្រាសាទអង្គរវត្ត ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក។

យោងតាម​សេចក្តី​ក្រុមហ៊ុន​ណាហ្គា ខ​ប​កាល​ពេលថ្មីៗនេះ​បានឱ្យដឹងថា គម្រោង​អភិវឌ្ឍ​ថ្មី​របស់​ក្រុមហ៊ុន ណាហ្គា ខ​ប នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០២៥ មុនពេល​គម្រោង​ណាហ្គា៣ តម្លៃ៣.៥០០ លាន​ដុល្លារ បើក​ដំណើរការ ហើយ​គម្រោង​នៅ​សៀមរាប​នេះ នឹង​បញ្ចូល​សណ្ឋាគារ​លំដាប់​ប្រណីត សួន​ទឹក សួនឧទ្យាន​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប ប្រឡាយ​ទឹកស្អាត កន្លែង​កម្សាន្ត​តាម​ដងទឹក និង​កន្លែង​ធុរកិច្ច។

គម្រោង​នេះ ក៏​នឹងមាន​មណ្ឌល​កម្សាន្ត​មួយ​ឈ្មោះថា “សៀមរាប​ឆាយ​ណា​ថោ​ន” ផ្តល់ជូន​នូវ​អាហារ Street Food ហាង តន្ត្រី និង​ការដើរ​ទិញ​ឥ​វ៉ាន់ ដែល​នឹង​ត្រូវបាន​រួមបញ្ចូល​ជាមួយនឹង​សួនច្បារ អមដោយ​ប្រព័ន្ធ​ទឹក​ស្រស់ស្អាត និង​មាន​ដំបូល​ការពារ​អាកាសធាតុ ដែល​ជួយ​លើកកម្ពស់​ខ្យល់ និង​ពន្លឺ​ធម្មជាតិ​ទន់។

ដោយ​ដាក់ឈ្មោះ​ជា​ផ្លូវការ​នូវ “បឹង​អង្គរ​អច្ឆរិយៈ ឬ Angkor Lake of Wonder” នៅលើ​ផ្ទៃដី៧៥ហិកតា វា​នឹង​ក្លា​ជា​គម្រោង​ធំ​ជាង​ទំហំ​រួម​នៃ Disneyland និង Disney California នៅ Los Angeles ។

ក្រុមហ៊ុន​ណាហ្គា​ខ​ប​បានឱ្យដឹងថា ការអភិវឌ្ឍន៍​នេះ​នឹង​បម្រើ​ដល់​គោលបំណង​ជាច្រើន​ដូចជា ការបង្កើន​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរ​ជា​យិ​ទៅកាន់​ខេត្តសៀមរាប ស្របពេល​ណាហ្គា​វើ​ល​អនុវត្ត​យុទ្ធសាស្ត្រ ធ្វើដំណើរ​ថ្មី​ភ្ជាប់​ខេត្តសៀមរាប​និង​ភ្នំពេញ។ ក្រុមហ៊ុន​នេះ​មានបំណង​អនុវត្ត​យុទ្ធសាស្ត្រ ធ្វើការ​ជាមួយ​ភ្នាក់ងារទេសចរណ៍​តាម​អ៊ិន​ធឺរ​ណែ​ត និង​ភ្នាក់ងារទេសចរណ៍​ប្រទេស​ចិន និង​កន្លែង​ផ្សេងទៀត ដើម្បី​ផ្តល់ជូន​នូវ​ដំណើរ​កម្សាន្ត ដោយ​ផ្អែកលើ​មូលដ្ឋាន​ពេញលេញ ក្នុង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា វា​មិនមែនជា​រឿង​ចម្លែក​នោះទេ ដែល​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដ៏​ធំ​នេះ វិនិយោគ​ទឹកប្រាក់​ត្រឹម៣៥០លាន​ដុល្លារ​នៅ​ទីក្រុង​សៀមរាប តាមពិត​នេះ​ជាការ​ធ្វើ​ពិពិធ​កម្ម​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា ព្រោះ​នៅ​កម្ពុជា​នៅមាន​ឳ​កាស​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​បរទេស​កំពុង​ស​ម្លឹ​ង​មក។

លោក​បន្តថា “ការវិនិយោគ​របស់ Naga Corp បាន​មើលឃើញ​ផលចំណេញ​រួចទៅហើយ ព្រោះ​ខេត្តសៀមរាប ក្រៅពី​សំណង់​ប្រាសាទ​ដ៏​មហស្ចារ្យ មិនមាន​អ្វី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចាប់អារម្មណ៍​ទៀត​ទេ” ។ លោក​បន្តថា “ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​ជម្រុញ​ឲ្យ​ខេត្ត​នេះ ទាក់ទាញ​បាន​នូវ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ អាច​សម្រាកលំហែរ​បាន​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​ទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here