ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រកាសទុករយៈពេលចំនួន២៧ថ្ងៃទៀតសម្រាប់ម្ចាស់សំណង់គ្រប់ប្រភេទដែលបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈដែលគ្រោងនឹងស្ថាបនាក្នុងពេលឆាប់ៗខាងមុខនៅផ្លូវលេខ២០០ និងតាមបណ្តោយឆ្នេរចាប់ពីចំណុចពយយាយម៉ីរហូតដល់ឆ្នេរតាបារាំងត្រូវរុះរើចេញជាកំហិត។
តាមរយៈសេចក្ដីជូនដំណឹងជាផ្លូវការដែលចុះហត្ថលេខាដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះបានប្រកាសទុកពេល ២៧ថ្ងៃ ឱ្យអាជីវករទាំងអស់រុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់រំលោភលើដីចំណីឆ្នេរសាធារណ: ស្ថិតនៅចំណុចពយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានពិនិត្យឃើញថា សំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបអាជីវកម្មត្រង់ចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណ:របស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។
រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់លោក លោកស្រី ត្រូវរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់នៅលើដី ចំណីឆ្នេរសាធារណ:របស់រដ្ឋ ស្ថិតនៅចំណុចព្យយាយម៉ី និងឆ្នេរបារាំង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ ជាកំហិត។ ក្នុងករណីលោក លោកស្រី មិនរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងសហការជាមួយគណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទឹងហាវ ចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវរាល់ ការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕