ដោយគង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ដើម្បីពង្រីកកិច្ចសហការនិងចូលរួមលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី២ កុម្ភៈកន្លងមកនេះ ដោយមានការចូលរួមពីឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងលោកជឹង សុខម៉េងប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។
យោងតាមខ្លឹមសារនៃអនុស្សរណៈនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការងារ និងផ្លាស់ប្តូរព៌តមានគ្នាទៅវិញទៅមក លើការអភិវឌ្ឍអចលនវត្ថុ ដីឡូត៍ និងផលប្រយោជន៍ដទៃទៀតរបស់ភាគីទាំងសងខាង។
យោងតាមខ្លឹមសារនៃ MOU បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអចលនទ្រព្យឲ្យមានស្តង់ដា បើកវគ្គបណ្តុះបណ្តាលបន្ថែមដល់ម្ចាស់អាជីវកម្ម ភ្នាក់ងារអចលនទ្រព្យ ដីឡូត៍ឲ្យបានយល់ច្បាប់ពីច្បាប់ បទដ្ឋានគតិយុត្តិនានានៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នានា និងផ្តល់ការបណ្តុះបណ្តាល ឳកាសការងារដល់យុវជន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើម។
MOU ក៏បានផ្តោតលើការសហការគ្នា បញ្ជូនវាគ្មិនចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលាពីគ្នាទៅវិញទៅមក ដែលសមាគមទាំងពីរនឹងរៀបចំឡើងប្រចាំខែ ឬប្រចាំឆ្នាំផងដែរ៕