ឧកញ៉ាផន វណ្ណិតៈកត្តាសំខាន់ៗចំនួន៣នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានសន្ទុះរ៉ឹងមាំឡើងវិញនៅឆ្នាំ២០២១នេះ

0

ដោយ : ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹងក្តីសុទិដ្ឋិនិយមពីការររីកចម្រើន លើវិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះ ឧកញ៉ាផន វណ្ណិតបានមើលឃើញកត្តាសំខាន់ៗចំនួនបី ដែលវិស័យនេះនឹងសម្រេចបានកំណើនរ៉ឹងមាំឡើងវិញនៅឆ្នាំ២០២១នេះ។

អ្នកជំនាញអចលនទ្រព្យមួយរូប និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាផន វណ្ណិតបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈនេះថា កត្តាសេដ្ឋកិច្ច ពេលវេលា និងកត្តាប្រជាសាស្រ្តនឹងរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឈានទៅកាន់កម្រិតរីកចម្រើនថ្មីមួយទៀតនៅឆ្នាំនេះ  ដោ​យសារ ទី១ សេដ្ឋកិច្ចកម្ពុជាទោះបីជារងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែមិនរងការខូចខាតខ្លាំងនោះទេ គឺវិស័យនេះនៅតែមានការរីកចម្រើន ខណៈដែលស្ថាប័នអន្តរជាតិធំៗបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនចន្លោះពី៤ ទៅ៥ភាគររយនៅឆ្នាំនេះ។

លោកបន្តថា “ហេតុផលដែលខ្ញុំអះអាងបែបនេះ ដោយសារសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនថេរ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពិសេសប្រទេសកម្ពុជាជាប្រទេ​សកំពុងមានការអភិវឌ្ឍ ហេតុនេះសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍៍ទៅមុខរហូត”។ លោកបន្តថា “កត្តាប្រសាស្រ្ត គឺប្រជាជនកម្ពុជាមានចំនួនប្រមាណ១៦លាននាក់ ប្រាក់ចំណូលប្រជាជនមានការកើនឡើង ហេតុនេះបើយើងគិតប្រជាជនមួយគ្រួសារមានផ្ទះមួយ អ្នកទៅធ្វើការនៅក្រៅប្រទេសត្រូវការមានផ្ទះ​ មានដី វានឹងជាកំលាំាំងចលករជម្រុញឲ្យវិស័យនេះរីក​ចម្រើនខ្លាំងនៅពេលអនាគត”។

លោកបន្តថា កំនើនប្រាក់ចំណូល កំណើនតម្លៃដីធ្លីនេះហើយ នឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរសរវើក និងធ្វើឲ្យចរន្តសាច់ប្រាក់ មានលំហូរទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច ដែលធ្វើឲ្យចរន្តទិញលក់ដីធ្លី លំនៅដ្ឋាននឹងកើនឡើង ហើយតម្លៃដីធ្លីនឹងបន្តកើនឡើងបន្ថែមទៀត។

លោកឧកញ៉ាផន វណ្ណិតបានបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រជាសាស្រ្តនេះហើយ នឹងធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង ស្របពេលទីក្រុងនឹងកាន់តែរីកធំនាពេលអនាគត”។

ឧកញ៉ាបានបន្តថា កត្តាពេលវេលា ដែលយើងដឹងហើយថា រដ្ឋាភិបាលកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋ រៀបចំច្បាប់បទដ្ឋានគតិយុត្តិ និងកែទម្រង់ស៊ីជម្រៅ​លើស្ថាប័ននានា ដើម្បីទាក់ទាញការវិនិយោគ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ ស្របពេ​លដែលអ្នកវិនិយោគបររទេស នឹងចូលមកកាន់កម្ពុជាកាន់តែច្រើន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។ កម្ពុជាបានបញ្ចប់ការចចារពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋកូរ៉េ ហើយកម្ពុជាក៏បានចុះកិច្ចព្រមព្រៀង ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជា​ច្រើនទៀ​​ត ដែលផ្តល់នូវកាលានុវត្តន៍ភាព សម្រាប់ការឈានឡើងរបស់កម្ពុជា។

លោកបន្តថា “ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ហេតុនេះ   ដើ ម្បីធ្វើឲ្យមុខមាត់ប្រទេសកាន់តែមានកិត្យានុភាព និងមានសោភ័ណភាព ដែលជំរុញ  ឲ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ធ្វើឲ្យអ្នកវិនិយោគដីធ្លីទទួលបានផលចំណេញនៅឆ្នាំ២០២៣ខាងមុខនេះ ដោយសារកត្តាសំខាន់ៗទាំងបីខាងលើនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here