ដោយៈ រ៉ាណេត
ព្រះសីហនុៈ ក្រោយពីស្ថានការណ៍នៃភាពប្រឈមនឹងជំងឺឆ្លង ត្រូវបានកាត់បន្ថយ ជាពិសេសមានការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសមួយចំនួន វត្តមាននៃជនបរទេស ក៏ដូចជាជនជាតិចិន បានវិលត្រឡប់មកកាន់ខេត្តព្រះសីហនុជាបណ្តើរៗ និងក្លាយជាចលករជំរុញឱ្យតម្រូវការជួលអគារចាប់ផ្តើមកម្រើកឡើងវិញ។
លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃដើមសប្ដាហ៍នេះថា ចាប់តាំងពីដើមឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់ ជាពិសេសនៅក្នុងប្រទេសកម្ពុជាមានការទប់ស្កាត់បានល្អនោះ កំណើនទេសចរក្នុងស្រុកចាប់ផ្តើម មានកំណើនជាបន្តបន្ទាប់។
លោកបន្តថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន វិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ បានមកបញ្ចប់គម្រោងរបស់ពួកគេ ដែលបានបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត”។លោកបន្ថែមថា “ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិន បានជួយជំរុញឱ្យទីផ្សារជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញបន្តិច។ វាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដែលនឹងងើបឡើងវិញផងដែរ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា នៅឆ្នាំនេះទីផ្សារអចលនទ្រព្យ ក៏ដូចជាតម្រូវការទីផ្សារជួលអគារ នៅក្នុងខេត្តព្រះសីហនុនឹងមានកំណើនឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងអត្រាតិចតួចនៅឡើយ ហើយកំណើននៃការជួលទាំងនេះភាគច្រើន ជាតម្រូវការរយៈពេលខ្លីពីសំណាក់ទេសចរដែលមកកម្សាន្តតែប៉ុណ្ណោះ។
លោកបានបន្តថា “យើងត្រូវមើលទៅលើភាពជាក់ស្ដែងនៃការវិលត្រឡប់របស់ពួកគាត់ តើជាទេសចរ ជាពាណិជ្ជករថ្មី ឬជាពាណិជ្ជករចាស់។ បើជាពាណិជ្ជករថ្មីទើបជាដំណឹងល្អដែលនឹងជួយចូលរួមទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម និងគាំទ្រដល់វិស័យអចលនទ្រព្យ”។ លោកបន្តថា “ប្រសិនបើជាពាណិជ្ជករចាស់ ពួកគាត់សុទ្ធតែមានអគារ មានផ្ទះអាជីវកម្មរបស់ពួកគាត់រួចហើយ តាំងពីពេលមិនទាន់មានវិបត្តិម្លេះ ដូច្នេះវាមិនធ្វើឱ្យតម្រូវការទីផ្សារនៃការជួលអគារកើនឡើងខ្ពស់នោះទេ”។
លោកថា “តាមការរសង្កេតមើលយ៉ាងហោចណាស់ ក៏ពាក់កណ្តាលឆ្នាំ ឬចុងឆ្នាំ២០២១ ទើបអាចមានតម្រូវការជួល និងមានដំណើរការទីផ្សារអចលនទ្រព្យឡើងវិញបន្ទាប់ពីមានការគ្រប់គ្រង និងបើកឱ្យមានការធ្វើដំណើរឆ្លងប្រទេស ទូលំទូលាយឡើងវិញ៕