មជ្ឈមណ្ឌលបង្រៀនបើកបររថយន្តធុនធ្ងន់ជាលើកដំបូងនៅកម្ពុជាត្រូវបានដាក់ឱ្យដំណើរការ

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់លើកដំបូងនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ជាលើកដំបូង ដែលជាការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់លើដងវិថី បណ្តាលមកពីអ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានជំនាញច្បាស់លាស់។

មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ១៦,៥៨៤ម៉ែត្រការ៉េ ដែលរួមមានអគាររដ្ឋបាលទំហំ ៨៤០ម៉ែត្រការ៉េ ទីលានសម្រាប់បង្រៀន និងប្រឡងយកបណ្ណបើកបរយានយន្តធុនធ្ងន់ ទំហំ ៨,៩០៩ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់សិស្សមកពីបណ្តាខេត្តនានា មានទំហំ ៣៤៥ម៉ែត្រការ៉េ ព្រមទាំងមានការបំពាក់សម្ភារបរិក្ខាទំនើបៗជាច្រើនទៀត។

យោងតាមរបាយការណ៍ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា មូលហេតុចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលកត្តាមនុស្សមានរហូតដល់ ៩០ភាគរយ។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ក៏មានបង្កឡើងដោយអ្នកបើកបរយានយន្តធុនធ្ងន់មួយចំនួន ដូចជា៖ មិនមានជំនាញបើកបរច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
របាយការណ៍បានបង្ហាញផងដែរថា នៅឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបររថយន្តធុនធ្ងន់ មានចំនួន ១៨១នាក់ ស្មើ ៨.៤ភាគរយ។ បើប្រៀបធៀបជាមួយចំនួនអ្នកស្លាប់បង្កឡើងដោយសាររថយន្តធុនធ្ងន់នៅឆ្នាំ២០១៨ មានការកើនឡើង ៣៤នាក់។

អ្នកបើកបររថយន្តធុនធ្ងន់ភាគច្រើនមិនមានបណ្ណបើកបរ និងមួយចំនួនទៀតមានបណ្ណ តែមិនត្រឹមត្រូវតាមប្រភេទយានកំពុងបើកបរ។ ជាពិសេសអ្នកបើកបររថយន្តសណ្តោងរឺម៉ក

លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ញូនផ្លូវគោក បានឱ្យដឹងថា ឆ្នាំ២០២០កន្លងទៅនេះ រថយន្តធុនធ្ងន់បានចុះបញ្ជីសរុប ៣២ម៉ឺន ៥ពាន់គ្រឿង និងបានផ្តល់បណ្ណបើកបរយានយន្តប្រភេទ «គ» ដល់ «ង» សម្រាប់បើកបរធុនធ្ងន់បាន ២១ម៉ឺន ៨ពាន់បណ្ណ។ បើប្រៀបធៀបតួលេខរថយន្តចុះបញ្ជី និងការផ្តល់បណ្ណ បង្ហាញថា អ្នកបើកបរយានយន្តធុនធ្ងន់មានបណ្ណបើកបរតែ ៦៧ភាគរយប៉ុណ្ណោះ។
ដោយឡែកអ្នកបើកបររថយន្តធុនធ្ងន់ប្រមាណ ៣៣ភាគរយទៀត ដែលកំពុងបើកបើកបររថយន្តធុនធ្ងន់លើផ្លូវមិនមានបណ្ណបើកបរ និងមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។

លោកបានបញ្ជាក់ឱ្យដឹងថា មជ្ឈមណ្ឌលនេះមានគ្រូបង្រៀនមានសញ្ញាបត្រកម្រិតអនុបណ្ឌិត បរិញ្ញាបត្រ និងមានបទពិសោធន៍លើជំនាញនេះយូរឆ្នាំ។ ជាពិសេសគ្រូជំនាញមួយចំនួន ជាគ្រូបង្គោលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញពីគ្រូបង្រៀនបើកបរអាជីពនៅប្រទេសថៃ ហើយបានទៅអនុវត្តន៍ដៃចង្កូតនៅសាលាបង្រៀនបើកបរយានយន្តនៅថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here