ដោយ ៖ រ៉ាណេត
កោះកុង ៖ គម្រោងសាងសង់ព្រលានយន្ដហោះក្នុងតំបន់ថ្មីមួយទៀតគ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តកោះកុងនៅលើផ្ទៃដីទំហំ៥០០ហិកតា បន្ថែមពីលើគម្រោងព្រលានយន្ដហោះដែលមានស្រាប់ចំនួន២ នាពេលបច្ចុប្បន្ននេះ។
អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធីបានមានប្រសាសន៍នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុងក៏ត្រៀមទទួលនូវព្រលានយន្ដហោះថ្មីមួយទៀតផងដែរ ស្ថិតនៅព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុងលើផ្ទៃដីប្រហែល៥០០ហិចតា។
លោកសុខ សុទ្ធី បានបញ្ជាក់ថា “ព្រលានយន្ដហោះថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងក្រុមហ៊ុនវិនិយោគ កំពុងសិក្សារៀបចំទីតាំង។
យ៉ាងណាមិញ គេសង្ឃឹមថា នៅពេលព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម”។
បច្ចុប្បន្នព្រលានយន្ដហោះនៅតំបន់តារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់១៥០លានដុល្លារ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង គ្រោងនឹងបើកឱ្យដំណើរការជើងហោះហើរសាកល្បងនៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្នផ្លូវរត់សម្រាប់យន្ដហោះបានសាងសង់រួចរាល់ជាស្ថាពរហើយ។
លោក សុខ សុទ្ធី បានអះអាងថា ដំណើរការសាងសង់ព្រលានយន្ដហោះនៅតំបន់តារាសាគរនេះ គឺជិតរួចរាល់ទាំងស្រុងហើយ ខណៈផ្លូវសម្រាប់យន្ដហោះរត់ (Run Way) នៅសល់តែការបំពាក់ភ្លើងសញ្ញាតែប៉ុណ្ណោះ ដែលកំពុងរៀបចំ។ ដោយឡែក ច្រកសម្រាប់អ្នកដំណើរ (Gate) នោះរួចរាល់ប្រហែលជិត៧០ភាគរយ គ្រោងបញ្ចប់នៅពេលខាងមុខឆាប់ៗ៕