ដោយៈ រ៉ាណេត
ភ្នំពេញៈ និន្នាការនៃការទិញអចលនទ្រព្យ ទុកមានទាំងលំនៅឋាន និងដីធ្លីជាដើមនាពេលបច្ចុប្បន្ននេះ របស់ប្រជាពលរដ្ឋខ្មែរ ដែលមានធនធានសម្រាក់លក់បន្ត នឹងធ្វើឱ្យវិស័យមួយនេះ កាន់តែរមានសន្ទុះរីកចំរើនបន្ថែមទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឱ្យដឹងកាលពីម្សិលម៉ិញនេះថា និន្នាការ និងសកម្មភាពនៃការទិញអចលនទ្រព្យមានទាំងទដីធ្លី និងលំនៅឋានទុកសម្រាប់វិនិយោគបន្ត ពុំមានផលប៉ះពាល់ដលវិស័យអចលនទ្រព្យនោះទេ ពោលគឺវានឹងធ្វើឱ្យវិស័យមួយនេះ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
លោកបន្តថា “កាលណាអត់មានការទិញទុកលក់ ឬវិនិយោគបន្តទេ វានឹងធ្វើឱ្យចរន្តទីផ្សារហ្នឹង វាអត់ដំណើរការទេ។ ចឹងមានអ្នកទិញទុកខ្លះ មានទិញប្រើប្រាស់ខ្លះ ចឹងទៅ វានឹងបង្កើននូឪកាសសម្រាប់ធ្វើអាជីវកម្មផ្សេង” ។ លោកបន្តថា “ម្យ៉ាងដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារផ្សេងៗ ក៏ជាកត្តាជំរុញឱ្យវិស័យមួយនេះ កាន់តែរីកចំរើនបន្ថែមទៀតផងដែរ” ។
បន្ថែមពីនេះ កំណើននៃការវិនិយោគពីក្រៅប្រទេសកាន់តែច្រើន ក៏ធ្វើឱ្យវិស័យនេះ មានការរីកចម្រើន គួបផ្សំជាមួយអ្នកវិយោគក្នុងស្រុក” ។
លោកបន្ថែមទៀតថា “ការនិយោគលើវិស័យអចលនទ្រព្យ មិនត្រូវបានគេរំពឹងពីការចំណេញភ្លាមនោះទេ ពោលគឺទុកកាន់តែយូរបានផលចំណេញកាន់តែច្រើន” ។
លោកវ៉ា វិរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងដែរថា ជាការពិតណាស់និន្នាការ របស់ប្រជាពលរដ្ឋទិញដីធ្លី និងផ្ទះ សម្រាប់ទុកវិនិយោគបន្តយកផលចំណេញ។ តែក្នុងចំណុចសំរាប់អ្នក ដែលមានផ្ទះរួចហើយ គឺពួកគាត់ទិញដីបន្តភាគច្រើន។
លោកបន្ថែមថា “ជាមួយគ្នានេះតម្លៃដីធ្លីឡើងថ្លៃលឿនជាងតម្លៃលំនៅឋាន ខណៈតំម្លៃលំនៅឋានមួយចំនួននៅទ្រឹង និងមានការឡើងតិចតួច តែក៏មានហានីភ័យចំពោះការទិញដីរួចហើយ មិនបានយកទៅអភិវឌ្ឍន៍បន្ត និងមិនមានការបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របពេលការអនុវត្តច្បាប់បង់ពន្ធនៅកម្ពុជានៅមានកំរិត មិនដូចស្រុកគេនោះទេ” ។
លោកវ៉ា វីរៈបានបន្តថា “ការទិញដីទុកយូដែលមិនប្រើប្រាស់ យើងត្រូវការបង់ពន្ធច្រើន ហើយមិនទទួលបានផលចំណេញច្រើននោះទេ តែបើទិញហើយយកមកអភិវឌ្ឍន៍ភ្លាម នឹងទទួលបានផលចំណេញខ្ពស់” ។
ជាមួយគ្នានេះលោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា សម្រាប់ស្ថានភាពអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ ការទិញអលចនទ្រព្យ សម្រាង់ទុកវិនិយោគបន្ត គឺជាយុទ្ធសាស្ត្រល្អ ដោយផ្អែកលើយុទ្ធសាស្ត្រនៃការវិនិយោគអចលនទ្រព្យមានពីរធំៗ រួមមាន ១) ការទិញលក់ភ្លាមៗ និង២) ការទិញទុកសម្រាប់វិនិយោគបន្ត។
លោកបន្ថែមទៀតថា “ស្ថានភាពអចលនទ្រព្យនៅម្ពុជាកំពុងមានតម្លៃទាប ហើយនៅពេលគេប្រើយុទ្ធសាស្ត្រ នៃការទិញអចលនទ្រព្យទុកសម្រាប់វិនិយោគនេះ មានភាពងាយស្រួល និងទទួលបាលផលចំណេញខ្ពស់” ។
តែយ៉ាងណាក៏ដោយ ក៏វាមានផលមិនល្អ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ តាមរយៈការមិនលក់សម្រាប់ឱ្យគេវិនិយោគបន្ត និងទទួលបានផលតិចតួចនៅពេលខ្ចីលុយពីធនាគារ៕