ដោយ: សុខុម
ភ្នំពេញ: លោកHoward J Klein អ្នកវិភាគឯករាជ្យប្រចាំក្រុមហ៊ុន Smartkarma ដែលជាបណ្ដាញស្រាវជ្រាវការវិនិយោគ បានលើកឡើងថានេះជាពេលវេលាដ៏ល្អគួរ “ទិញ” ភាគហ៊ុនរបស់ក្រុមហ៊ុនល្បែង និងសណ្ឋាគារNagaCorp ដែលចុះបញ្ជីនៅហុងកុង និងដែលជាម្ចាស់កាស៊ីណូ Naga World នៅប្រទេសកម្ពុជា ឱ្យបានមុនក្រុមហ៊ុននេះចេញរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំសារពើពន្ធ ឆ្នាំ២០២០ របស់ខ្លួន។
អ្នកវិភាគដដែលបានគូសបញ្ជាក់ថា យោងតាមការស្រាវជ្រាវបង្ហាញថា អាជីវកម្មរបស់ក្រុមហ៊ុននេះ ទទួលបានលទ្ធផលល្អប្រសើរ អំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយតាមការរំពឹងទុកថា នឹងងើបឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមគេហទំព័រ ASGAM ចុះផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ០២១។
ដោយលើកឡើងពីទស្សនៈប្រយ័ត្នប្រយែង ជ្រុលរបស់វិនិយោគិន ចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp ដែលពេលនេះបានធ្លាក់ថ្លៃ៣ដុល្លារហុងកុង ពីតម្លៃ១២,៤០ដុល្លារហុងកុង ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៥២សប្ដាហ៍មក នៅត្រឹម៩,១៨ដុល្លារហុងកុង លោក Howard J Klein បានពន្យល់ថា ក្រុមហ៊ុននេះកំពុងស្ថិតក្នុងស្ថានភាពងើបឡើងវិញ ហើយវាជាពេលដ៏ល្អ គួរទិញយកភាគហ៊ុនរបស់ក្រុមហ៊ុននេះ ក្រោយតម្លៃបានធ្លាក់ចុះជាង៥ដុល្លារហុងកុង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ១៩។
ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគSmartkarma ជឿជាក់ថា អាចមានដំណឹងវិជ្ជមានអំពីប្រាក់ចំណូល នៅពេលរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំសារពើពន្ធ២០២០ របស់ក្រុមហ៊ុន NagaCorp ត្រូវបានបញ្ចេញ។
មុននេះក្រុមហ៊ុនNagaCorp បានប្រកាសចំណូលមុនពេលកាត់ពន្ធ EBITDAចំនួន៨៨,៧លានដុល្លារអាមេរិក និងប្រាក់ចំណេញ២០,៦លានដុល្លារអាមេរិក ក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ទោះបើខ្លួនបិទទ្វារផ្អាកដំណើរការ ជាបណ្ដោះអាសន្នរយៈពេល៣ខែ ពីខែមេសា ដល់ខែកក្កដាក្ដី។
ក្រោយមកក្រុមហ៊ុននេះបានបញ្ជាក់ថា ចំណូលសរុបបានពីល្បែង (Gross Gaming Revenue (GGR)) របស់ខ្លួនទទួលបាន៩១ភាគរយ បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅត្រឹមដំណាច់ត្រីមាសក្នុងខែកញ្ញា ឆ្នាំ២០២០។
ទោះជាយ៉ាងណា លោក Howard J Klein រំពឹងថា ក្រុមហ៊ុននេះនឹងទទួលបានកំណើនប្រមាណ១២ភាគរយ ត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២១៕