អ្នកវិភាគឯករាជ្យ: នេះជាពេលដ៏ល្អគួរទិញភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp

0

ដោយ: សុខុម

ភ្នំពេញ: លោកHoward J Klein អ្នកវិភាគឯករាជ្យប្រចាំក្រុមហ៊ុន Smartkarma ដែលជាបណ្ដាញស្រាវជ្រាវការវិនិយោគ បានលើកឡើងថានេះជាពេលវេលាដ៏ល្អគួរ “ទិញ” ភាគហ៊ុនរបស់ក្រុមហ៊ុនល្បែង និងសណ្ឋាគារNagaCorp ដែលចុះបញ្ជីនៅហុងកុង និងដែលជាម្ចាស់កាស៊ីណូ Naga World នៅប្រទេសកម្ពុជា ឱ្យបានមុនក្រុមហ៊ុននេះចេញរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំសារពើពន្ធ ឆ្នាំ២០២០ របស់ខ្លួន។

 

អ្នកវិភាគដដែលបានគូសបញ្ជាក់ថា យោងតាមការស្រាវជ្រាវបង្ហាញថា អាជីវកម្មរបស់ក្រុមហ៊ុននេះ ទទួលបានលទ្ធផលល្អប្រសើរ អំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយតាមការរំពឹងទុកថា នឹងងើបឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមគេហទំព័រ ASGAM ចុះផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ០២១។

ដោយលើកឡើងពីទស្សនៈប្រយ័ត្នប្រយែង ជ្រុលរបស់វិនិយោគិន ចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp ដែលពេលនេះបានធ្លាក់ថ្លៃ៣ដុល្លារហុងកុង ពីតម្លៃ១២,៤០ដុល្លារហុងកុង ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៥២សប្ដាហ៍មក នៅត្រឹម៩,១៨ដុល្លារហុងកុង លោក Howard J Klein បានពន្យល់ថា ក្រុមហ៊ុននេះកំពុងស្ថិតក្នុងស្ថានភាពងើបឡើងវិញ ហើយវាជាពេលដ៏ល្អ គួរទិញយកភាគហ៊ុនរបស់ក្រុមហ៊ុននេះ ក្រោយតម្លៃបានធ្លាក់ចុះជាង៥ដុល្លារហុងកុង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ១៩។

ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគSmartkarma ជឿជាក់ថា អាចមានដំណឹងវិជ្ជ​មានអំពីប្រាក់ចំណូល នៅពេលរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំសារពើពន្ធ២០២០ របស់ក្រុមហ៊ុន NagaCorp ត្រូវបានបញ្ចេញ។

មុននេះក្រុមហ៊ុនNagaCorp បានប្រកាសចំណូលមុនពេលកាត់ពន្ធ EBITDAចំនួ​ន៨៨,៧លានដុល្លារអាមេរិក និងប្រាក់ចំណេញ២០,៦លានដុល្លារអាមេរិក ក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ទោះបើខ្លួនបិទទ្វារផ្អាកដំណើរការ ជាបណ្ដោះអាសន្នរយៈពេល៣ខែ ពីខែមេសា ដល់ខែកក្កដាក្ដី។

ក្រោយមកក្រុមហ៊ុននេះបានបញ្ជាក់ថា ចំណូលសរុបបានពីល្បែង (Gross Gaming Revenue (GGR)) របស់ខ្លួនទទួលបាន៩១ភាគរយ បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅត្រឹមដំណាច់ត្រីមាសក្នុងខែកញ្ញា ឆ្នាំ២០២០។

ទោះជាយ៉ាងណា លោក Howard J Klein រំពឹងថា ក្រុមហ៊ុននេះនឹងទទួលបានកំណើនប្រមាណ១២ភាគរយ ត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here