ក្រុមហ៊ុនអាមេរិកអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃរហូតដល់១ពាន់លានដុល្លារ ខណៈមានតម្រូវការខ្ពស់

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យជាច្រើនបានរាយការណ៍ថា តម្រូវការអចលនទ្រព្យលើកោះឯកជន មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីវិបត្តិកូវីដ១៩ បានធ្វើឱ្យពិភពលោក មានភាពជាប់គាំង។

ភ្នាក់ងារអចលនទ្រព្យម្នាក់ប្រាប់កាសែតញូវយ៉កថែមស៍ថា លោកមានពេលវេលាមមាញឹកបំផុត ក្នុងរយៈពេល២ខែចុងក្រោយ ក្នុងស្វែងរកអចលនទ្រព្យលើកោះឯកជន សម្រាប់អតិថិជន។

ជាមួយការអភិវឌ្ឍអចលនទ្រព្យបែបប្រណីតអណ្តែតទឹក ដែលចាប់ផ្តើមដំណើរការនៅជិតប្រទេសបាហាម៉ា (Bahamas) ក្នុងឆ្នាំ២០២៥ ចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទីលំនៅទៅកន្លែងមានសុវត្ថិភាពមួយ នៅកណ្តាលសមុទ្រគឺនៅតែខ្ពស់។

ក្រុមហ៊ុនThe Blue Estate Group ទទួលបានសំណើទិញយ៉ាងសន្ធឹកសន្ធាប់ បន្ទាប់ពីបានបង្ហាញគម្រោងអភិវឌ្ឍន៍កោះ Blue Estate ដែលជាកោះសិប្បនិម្មិត (កោះបង្កើតឡើងដោយមនុស្ស) ខណៈតម្លៃអចលនទ្រព្យចាប់ផ្តើមពី១៩៨០០ដុល្លារ និងកើនឡើងដល់ជាង១ពាន់លានដុល្លារ។

ស្ថិតនៅចម្ងាយ២៥នាទី នៃការធ្វើដំណើរតាមយន្តហោះពីរដ្ឋធានី Nassau នៃប្រទេស Bahamas និងចម្ងាយតែ៩០នាទីពីទីក្រុងម៉ៃអាមី (Miami) កោះនេះនឹងមានទំហំ៤.៩២១ហ្វីត គុណ ៣.២៨០ហ្វីត (១.៥០០ម៉ែត្រ គុណ ១០០០ ម៉ែត្រ) មានទំហំពាក់កណ្តាលនៃប្រទេសម៉ូណាកូ និងអាចផ្ទុកអ្នករស់នៅអចិន្រ្តៃយ៍ បានរហូតដល់ទៅ ១៥,០០០នាក់។

យោងតាមក្រុមអ្នកអភិវឌ្ឍន៍បានឱ្យដឹងថា អ្នកដែលចាប់យកទីតាំងមួយនៅឯ “គេ​ហដ្ឋានឯកជនបំផុតលើពិភពលោក” នឹងត្រូវទទួលបានបទពិសោធន៍ ក្នុងការស្រូបយកពន្លឺព្រះអាទិត្យ ច្រើនជាង៣៤០ថ្ងៃជារៀងរាល់ឆ្នាំ ដោយសារលក្ខណៈពិសេសទីតាំងរបស់កោះនេះ។

លោកErik Schmidt ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនBlue Estate Group បានប្រាប់CNN Travel កាលចុងសប្តាហ៍កន្លងមកនេះថា “ដំបូងយើងមានការព្រួយបារម្ភថា តើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន អាចជះឥទ្ធិពលអវិជ្ជមានដល់គម្រោងនេះដែរឬទេ?”។

លោកបានបន្តថា“ប៉ុន្តែជាសំណាងល្អ វាផ្ទុយពីការគិតរបស់យើងទាំងស្រុង តំប​ន់មួយចំនួនក្នុងគម្រោងអភិវឌ្ឍន៍នេះ ត្រូវបានលក់អស់ ហើយក្រុមលក់កំពុងធ្វើវាល្អបំផុត ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណួររបស់អតិថិជន”។

តម្លៃអចលនទ្រព្យ មានចាប់ពី១៩,៨០០ដុល្លារអាផាតម៉ិន សម្រាប់ផ្ទៃខាងក្នុងដែលមានទំហំ២០ម៉ែត្រការ៉េ ផ្ទះអាផាតម៉ិន មានយ៉រមានតម្លៃចាប់ពី១៩៤,៤០០ដុល្លារ អាផាតមិនមានសួនច្បារ និងមាន៥បន្ទប់មានតម្លៃ៥៤លានដុល្លារ និងភូមិគ្រឹះចំនួន២ មានតម្លៃ១,១៥ពាន់លានដុល្លារក្នុងមួយយូនីត៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here