ដោយស៊ីវ ម៉េង
ភ្នំពេញៈ សួនកំសាន្ត EURO Park តម្លៃ ៦០លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុនបុរីប៉េង ហួត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានបើកឲ្យសាធារណៈជនចូលទស្សនាកំសាន្តបណ្តើរៗហើយ ប៉ុន្តែការសម្ភោធបើកដំណើរការជាផ្លូវការមិនទាន់កំណត់ពេលជាក់លាក់ទេ។
អគ្គនាយកក្រុមហ៊ុនបុរីប៉េង ហួត គ្រុបលោកឧកញ៉ា ថៃ ម៉េងលី បានឲ្យដឹងតាមអ៊ីម៉េលកាលពីពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍នេះសួនកំសាន្តលំដាប់ អន្តរជាតិនេះ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត៨ហិកតា ជាមួយនិងអគារសាលប្រជុំ ឬសាលសំរាប់រៀបចំអាពាហ៍ពិពាហ៍។
សួនកំសាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុប ដែលមានសំណង់អគារពិសេសប្លែកៗ និងលំអរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនូនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ចំពោះការរៀបចំតំបន់ទៀតសោត យើងបានរៀបចំជាតំបន់អឺរ៉ុបផ្សេងៗគ្នាចំនួន ដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាឡឺម៉ង់មជ្ឈិមសម័យ។
ចំណែកតំបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាលរស់ឡើងវិញនៃអរិយធម៌រុងរឿង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនីមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះ នឹងត្រូវបានគេប្រើប្រាស់ជាភោ ជនីយដ្ឋាន សម្បូរបែប មានអាហារអឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។
លោកឧកញ៉ា ថៃ ម៉េងលី ធ្លាប់បានបន្តថា ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគំរោងនេះទទួលបានពានចំនួនពីរ គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌិហ្សាញសួនលំហែរ ដែលលជាងគេលំដាប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍសួនលំហែរ ដែលល្អជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ ដែលមានការិយាល័យនៅ ប្រទេសអង់គ្លេស។
លោកបន្តថា “គំរោងនេះនឹងបើកដំណើរការស្វាគមន៍ អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ ដែលស្វែងរកកន្លែងសម្រាកលំហែរ និងញ៉ាំអាហារប្រកបដោយផាសុកភាព។ លោកឧកញ៉ាបន្តថា “ក្រុមហ៊ុនចាប់អារម្មណ៏ក្នុងការវិនិយោគឡើងគឺក្នុងគោលបំណង ផ្ដល់ទីកន្លែងស្អាតសំរាប់លំហែកំសាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរូមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគំរោងថ្មីស្អាត ដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុន ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។
ចំពោះការចូលមកទស្សនា និងកំសាន្ត ក្នុងគំរោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។
អ្នកនាង Grace Rachny Fong នាយិកាគ្រប់គ្រងទូទៅនៃ Century21 Cambodia បានថ្លែងថា កាលពីពេលថ្មីៗនេះ អ្នកនាងបាននាំអ្នកអភិវឌ្ឍន៍មកពីអូស្ត្រាលី ចូលមកមើលបុរីនេះ ហើយពួកគេមានការភ្ញាក់ផ្អើលនឹងហេដ្ឋារចនាសម្ព័ន្ឋ ដែលបានរៀបចំយ៉ាងល្អរបស់បុរីប៉េង ហួត។ ដូច្នេះនៅពេលពួកគេវិនិយោគសួនកំសាន្តបន្ថែមក្នុងបុរីនេះ នឹងធ្វើឲ្យបុរីនេះកាន់តែមានភាពទាក់ទាញ និងផ្តល់ផាសុខភាពក្នុងការររស់នៅដល់អតិថិជន ដែលបានទិញលំនៅដ្ឋានក្នុងគំរោងនេះ។
អ្នកនាងបន្តថា “ការវិនិយោគលើសួនកំសាន្តនេះ ជាយុទ្ឋសាស្ត្ររបស់ម្ចាស់បុរីនេះ ដើម្បីបង្កើនភាពទាក់ទាញ ហើយពេលអនាគតខ្ញុំជឿថា តម្លៃលំនៅដ្ឋានក្នុងបុរីនេះនឹងបន្តកើនឡើងបន្ថែមទៀត” ៕