ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​មួយ នឹង​បង្ហាញ​នូវ​ការព្យាករណ៍​ពី​ទស្សនវិស័យ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០២១

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក CBRE Cambodia នឹង​បង្ហាញ​របាយការណ៍​ស្តីពី ទស្សនវិស័យ​អចលនទ្រព្យ​កម្ពុជា សម្រាប់​ឆ្នាំ២០២១នៅ​ថ្ងៃទី១៧ កុម្ភៈ​ខាងមុខនេះ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៥ កុម្ភៈ​កន្លងមក​ថា ពិត​ហើយ​ក្រុមហ៊ុន​នឹង​បង្ហាញ​នូវ​ការព្យាករណ៍ និង​ការវិភាគ​មួយចំនួន​ស្តីពី​ទស្សនវិស័យ សំរាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ថ្នាក់​តំបន់​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ។ លោកស្រី​បន្តថា របាយការណ៍​ស្តីពី​ទស្សនវិស័យ និង​ការព្យាករណ៍​ពី​ស្ថានភាព​អចលនទ្រព្យ​ឆ្នាំនេះ នឹងមាន​សូចនាករសំខាន់ៗ ដែល​នឹងត្រូវ​លើកមកបង្ហាញ ខណៈ​ទីផ្សារ​កម្ពុជា​ទោះបី​មាន​ភាព​រងគ្រោះ​ដោយ​វិបត្តិ​កូ​វីដ១៩ ប៉ុន្តែ​កម្ពុជា​នៅមាន​ភាពល្អប្រសើរ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់់។

ក្រុមហ៊ុន CBRE Cambodia តែងតែ​ធ្វើការ​សិក្សា និង​វិភាគ​ពី​ស្ថានភាព​ទ​ទីផ្សារ​អចលនទ្រព្យ​នៅតាម​បណ្តា​ប្រទេស​នានា ជា​រៀងរាល់ឆ្នាំ​ជាមួយនឹង​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ។

លោកស្រី អាន សុធី​តា ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “ទោះបីជា​កម្ពុជា​មាន​ភាព​រងគ្រោះ ប៉ុន្តែ​ទីផ្សារ​នេះ​នឹង​ឆាប់​ងើប​ឡើងវិញ​ពី​វិបត្តិ លឿន​ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់” ។ លោកស្រី​បន្តថា “ការវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ដោយ​អត្រា​ចំណេញ​ប្រចាំឆ្នាំ​ស្ថិតក្នុង​រង្វង់៧ភាគរយ ខណៈ​ប្រទេស​ក្នុង​តំបន់​ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ជាដើម​មាន​ផលចំនេញ​ពី​ការវិនិយោគ​ក្នុង​រង្វង់៤ភាគរយ​ប៉ុណ្ណោះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here