ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ មហាវិថីថ្មីដែលមានប្រវែងសរុបជិត៦០០០ម៉ែត្រ និងទទឹងទំហំ៣០ម៉ែត្រ កំពុងសាងសង់សម្រេចបានលទ្ធផលប្រមាណ៨០ភាគរយនឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញបន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានស្រាប់ជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងដំណើរចុះត្រួតពិនិត្យការស្ថាបនាមហាវិថីថ្មីកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះបានមានប្រសាសន៍ថា មហាវិថីដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជិត៦០០០ម៉ែត្រនេះ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ស្ថាបនាសម្រេចបានប្រមាណពី ៧០ទៅ៨០ភាគរយហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដោយរត់ត្រង់ជួរភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ និងជាប្រភេទផ្លូវភ្លោះមានប្រវែង ៥.៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវបេតុងអាមេ កម្រាស់២០សង់ទីម៉ែត្រ។ ក្នុងនោះផ្លូវសងខាង១២ម៉ែត្រ សួនកណ្តាល២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ ផ្លូវទ្វេទិសមាន៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រប្រវែង ១១.៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែងផងដែរ។
លោកបានបន្តថា មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ដំណាក់កាល ដោយដំណាក់ទី១ ចាប់ពីផ្លូវលេខ ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។
ជាមួយគ្នានេះ លោកឃួង ស្រេងក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌឫស្សីកែវត្រូវធ្វើការដោះស្រាយបញ្ហាប៉ះពាល់លើប្រជាពលរដ្ឋ២០០គ្រួសារឱ្យបានលឿនបំផុតក្នុងរយៈពេលពីរសប្តាហ៍ទៀត ហើយក្នុងករណីដោះស្រាយមិនចេញត្រូវរាយការណ៍បន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា “ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំង២០០គ្រួសារនេះ រដ្ឋបាលរាជធានីភ្នំពេញមានជម្រើសពីរដើម្បីឱ្យពួកគាត់ធ្វើការជ្រើសរើស ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ដីទំហំ ៤,២ម៉ែត្រ គុណ១៥ម៉ែត្រ នៅទីតាំងពីរកន្លែង គឺនៅ 7NG ក្នុងខេត្តកណ្តាល (ដែលត្រៀមនឹងកាត់ចូលមកភ្នំពេញ) និងនៅតាមបណ្ដោយផ្លូវលេខ ៥១ ក្នុងខណ្ឌព្រែកព្នៅ៕