កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង២លានដុល្លារនឹងធ្វើការបុកគ្រឹះសាងសង់នៅចុងសប្ដាហ៍នេះ

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺដ៏ធំប្រចាំខេត្តដែលមានតម្លៃជាង២លានដុល្លារគ្រោងនឹងរៀបចំពិធីបុកគ្រឹះសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ចុងសប្ដាហ៍នេះស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំជាង៤ហិកតា។

តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ការសាងសង់កីឡដ្ឋានថ្មីស្រឡាងនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន និងចូលរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងសាងសង់កីឡដ្ឋានដ៏ធំលក្ខណៈអន្តរជាតិមួយនេះ គ្រោងចំណាយជាង២លានដុល្លារ ប៉ុន្តែបានទទួលការជួយឧបត្ថម្ភពីគម្រោងណាហ្គាវើលដ៏បេះដូងមនុស្សធម៌ ហើយកំពុងស្វែងរកជំនួយបន្ថែមពីវិស័យឯកជនផ្សេងទៀតដើម្បីជួយសម្រួល និងបង្កើនសោភ័ណភាពឱ្យកាន់តែស្អាត និងទាក់ទាញសម្រាប់ស្វាគមន៍ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាក្រុមទ្រង់ទ្រាយធំ និង ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការហាត់ប្រាណ លេងកីឡាបង្កើនសុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here