ដោយ៖ ប៊ី
ភ្នំពេញ៖ អាគារការិយាល័យសហកម្មសិទិ្ធនៅភ្នំពេញមានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយកាន់កាប់ប្រមាណ៧៥ភាគរយនៃទីផ្សារអាគារការរិយាល័យសរុប ខណៈអត្រាប្រើប្រាស់ការិយាល័យរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិកូវីដ១៩ ដែលបង្អាក់ដំណើររបស់វិនិយោគិនថ្មីៗមកកាន់កម្ពុជា។
លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា អាគារការិយាល័យសហកម្មសិទិ្ធមានកំណើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាន់កាប់ប្រមាណ៧៥ភាគរយនៃអាគារការរិយាល័យសរុប។
លោស្រីបានថ្លែងថា វិស័យការិយាល័យមានការប្រកួតប្រជែងផងដែរ ជាពិសេសនៅពេលដែលបច្ចុប្បន្ន មានការិយាល័យបែប Strata Title ដែលមានន័យថា អតិថិជនអាចទិញការិយាល័យប្រើប្រាស់សម្រាប់ខ្លួនឯង ដោយតែយើងមានអាគារកម្មសិទ្ធិតែមួយ និងអាគារការិយាល័សហកម្មសិទិ្ធ ដែលបង្កើតប្រកួតប្រជែងមួយសម្រាប់អភិវឌ្ឍន៍ ក្នុងការទាក់ទាញអតិថិជនរៀងៗខ្លួន។
លោកស្រីបានឱ្យដឹងថា ការផ្គត់ផ្គង់បច្ចុប្បន្នមានកើនឡើងខ្ពស់ ពិសេសអាគារការិយាល័យសហកម្មសិទ្ធកើនឡើង៧៥ភាគរយ បើធៀបនឹងអាគារការិយាល័យកម្មសិទ្ធតែមួយ។ ការិយាល័យសកម្មសិទ្ធិ និងការិយាល័យកម្មសិទ្ធតែមួយ សរុបមានទំហំ៧០០ម៉ឺនម៉ែត្រការ៉េ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកបានបន្ថែមថា អត្រាប្រើប្រាស់អាចរងផលប៉ះពាល់ខ្លាំង ដោយសារទីផ្សារមិនអាចចាប់យកអត្រាប្រើប្រាស់ក្នុងមួយ ឬពីរឆ្នាំ ដោយវាទាមទាររយៈពេលច្រើន។ ផលប៉ះពាល់គឺ ដោយសារមិនមានការវិនិយោគថ្មីៗ និងមិនមានកំណើននៃវិនិយោគិនថ្មីៗនៅកណ្តាលក្រុង។
ជាមួយគ្នានេះ លោកបានលើកឡើងថា អ្នកភិវឌ្ឍន៍ការិយាល័យសម្រាប់ជួល អំឡុងពេលនេះ បានដាក់ចេញនៅភាពបត់បែនជាច្រើនសម្រាប់អតិថិជន និងអតិថិជន ដែលមានស្រាប់របស់គាត់ ហើយធ្វើការកែលម្អថ្មី ដើម្បីទាក់ទាញអតិថិជនបន្ថែម។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ទាក់ទងនឹងតម្លៃជួល ការិយាល័យកម្រិតB ស្ថិតតំបន់ពាណិជ្ជកម្ម មានតម្លៃជាង២០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងត្រីមាស៤ ធ្លាក់ចុះ៤.៦៦ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតB ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃប្រមាណ១៦ដុល្លារមួយម៉ែត្រការ៉េ ធ្លាក់ចុះ៤,៤៧ភាគរយ។
តម្លៃជួលការិយាល័យកម្រិតC ស្ថិតតំបន់ពាណិជ្ជកម្មមានតម្លៃប្រមាណ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៧,៧៨ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតC ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ២,៣១ភាគរយ៕