ដោយ ៖ រ៉ាណេត
ស្វាយរៀង : ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលនានានៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងវិស័យឯកជន បច្ចុប្បន្ននេះខេត្តស្វាយរៀងកំពុងបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ ខណៈដែលគម្រោងវិនិយោគថ្មីៗបាន និងកំពុងបន្តវត្តមានជាបន្តបន្ទាប់ និងផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋសរុបជាង៨ម៉ឺននាក់។
អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុលបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅតំបន់មានសក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបានរួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តប្រមាណជាង៨ម៉ឺននាក់ បម្រើនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រសហគ្រាស សេវាកម្ម និងកាស៊ីណូជាដើម។
លោកបានបន្តថា ជាមួយនឹងភាពរីកចម្រើន និងការអភិវឌ្ឍន៍បង្កើតបានជាសមិទ្ធផលនានាជាច្រើននៅក្នុងខេត្ត ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានភាពរីកចម្រើន ដែលក្នុងនោះវិស័យអចលនទ្រព្យ និងលំនៅដ្ឋានក៏កំពុងមានប្រជាប្រិយភាព និងទទួលបានការវិនិយោគជាច្រើនគម្រោងដែរ ហើយក្នុងនោះគម្រោងលក់ដីឡូតិ៍កំពុងមានភាពផុសផុល។
ពាក់ព័ន្ធទៅនឹងការទិញលក់គម្រោងដីឡូតិ៍ដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន កាលពីពេលកន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលទិញដីឡូតិ៍ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងចាញ់បោកជនខិលខូចមួយចំនួននាំឱ្យខាត់បង់ទ្រព្យ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មពុះដីឡូត៍លក់នៅភូមិសាស្ត្រខេត្តស្វាយរៀងបាន និងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជិវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូត៍ដែលចេញដោយអាជ្ញាធរ មន្ទីរ អង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសម្រេចចិត្តដីឡូតិ៍នៅទីតាំងណាមួយត្រូវបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងពុះដីឡូត៍នោះឱ្យបានច្បាស់លាស់ ថាតើមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តហើយ ឬនៅ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានបញ្ជាក់ផងដែរថា ដើម្បីបញ្ចើសនូវរាល់ហានិភ័យផ្សេងៗកើតឡើងជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនត្រូវពិនិត្យ និងឈ្វេងយល់ដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូត៍រួមមាន ៖ លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ កិច្ចសន្យាពាក់ព័ន្ធ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ។ល។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីករពុះដីឡូត៍ណាមួយ សូមទំនាក់ទំនងមកកាន់រដ្ឋបាលក្រុង ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់៕